ព័ត៌មានបន្ថែមករណី ឃាតកម្មលើជនជាតិចិន នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ (ព័ត៌មានបន្ថែម) យោងតាមការបំភ្លឺរបស់ជនរងគ្រោះ ជនជាតិខ្មែរ ជាអ្នកបើកបររថយន្តឱ្យជនជាតិចិន នៅពេលកើតហេតុនោះ បានឱ្យដឹងថា នៅយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះ និងជនសង្ស័យមានគ្នាសរុប ៦នាក់ ក្នុងនោះជនជាតិចិន ៥នាក់ និងជនជាតិខ្មែរម្នាក់ជាអ្នកបើកបររថយន្ត បានជិះរថយន្តជាមួយគ្នាចេញពីផឹកស៉ី មកដល់ចំណុចសណ្ឋាគា៥២០ ម្តុំឆ្នេរអូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក៏បានបង្កជំលោះគ្នា ដោយជនសង្ស័យចំនួន ៣នាក់ បានធ្វើសកម្មភាពយកអាវុធខ្លី និងកាំបិតគំរាមជនរងគ្រោះចំនួន ៣នាក់ផ្សេងទៀត។ ឃើញដូច្នេះអ្នកបើកបរជនជាតិខ្មែរ បានរត់ចេញក្រៅរថយន្តស្រែកឱ្យគេជួយ ស្រាប់តែជនសង្ស័យ ៣នាក់ ដែលជិះខាងក្រោយ ក៏ចាប់គ្រៀកជនរងគ្រោះ ១នាក់ដែលអង្គុយក្បែរគ្នា និងបានប្រតាយប្រតប់គ្នា ដោយជនរងគ្រោះនោះ ត្រូវបានជនសង្ស័យចាក់ ១កាំបិតចំពោះ ហើយជនរងគ្រោះខំរុញទ្វាររថយន្តលោតចេញក្រៅ ក៏ត្រូវជនសង្ស័យបាញ់ ១គ្រាប់ ចំក្បាលស្លាប់ក្បែររថយន្តកន្លែងកើតហេតុតែម្តង។ ចំណែកជនរងគ្រោះ ១នាក់ ផ្សេងទៀត ដែលជិះនៅខាងមុខរថយន្ត ត្រូវបានក្រុមជនសង្ស័យទាំង ៣នាក់ចាប់ខ្លួនយកទៅជាមួយរថយន្តរបស់ជនរងគ្រោះម៉ាក ឡង់គ្រីស័រ ៥៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-6111 ដែលជាមធ្យោបាយរត់គេចខ្លួនផងដែរ។

សមត្ថកិច្ចបានបន្ថែមថា ភ្លាមនោះកម្លាំងរថយន្តល្បាតកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលកំពុងជិះល្បាតនៅក្បែរម្តុំនោះបានទទួលព័ត៌មាន បានជិះដេញប្រកិតតាមរថយន្ត ដែលជនសង្ស័យបើករត់គេចខ្លួន ហើយក្រុមជនសង្ស័យបានធ្វើការបាញ់មកលើសមត្ថកិច្ចយើងទៅវិញទៅមកជាច្រើនគ្រាប់។ ហើយកម្លាំងសមត្ថកិច្ចយើង បន្តដេញតាមដោយមានការបន្ថែមកម្លាំងជំនាញ ពីស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានតាមរហូតដល់ចំណុច ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៧-១៨៨ ស្ថិតក្នុងភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយរថយន្តរបស់ជនសង្ស័យបើកបរក្នុងល្បឿនលឿន បានបើករេចង្កូតធ្លាក់ផ្លូវ និងបានបុកបង្គោលភ្លើងថ្ម។ ខណៈនោះកម្លាំងសមត្ថកិច្ចយើងបានចូលទៅព័ទ្ធរថយន្ត បង្កឱ្យមានការផ្ទុះអាវុធជាច្រើនគ្រាប់ ហើយរំដោះបានជនរងគ្រោះ ១នាក់ ភេទប្រុស ជនជាតិចិន ដោយគាត់បានលូនចេញពីក្នុងរថយន្ត លើកដៃក្រាបក្បែររថយន្តដោយដៃមានជាប់ខ្នោះផងដែរ។ បន្ទាប់មកសមត្ថកិច្ចបានចូលពិនិត្យមើលឃើញថា ជនសង្ស័យ ២នាក់បានស្លាប់នៅនិងកន្លែងកើតហេតុ។ ដោយឡែកជនសង្ស័យ ១នាក់ទៀត និងជនរងគ្រោះម្នាក់ រងរបួសធ្ងន់ធ្ងរ កម្លាំងសមត្ថកិច្ចក៏បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយក្នុងនោះជនសង្ស័យ ១នាក់ ដែលបញ្ជូនទៅសង្គ្រោះ បានស្លាប់ពេលទៅដល់មន្ទីរពេទ្យ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះជាអំពើចាប់ជំរិតទារប្រាក់ ដែលមានឧក្រិដ្ឋជនចំនួន ៣នាក់ ជាជនជាតិចិន។

ជាមួយគ្នានោះ នៅរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះផងដែរ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យមើលវត្ថុតាង និងបានឧបត្ថម្ភថវិកា ២០លានរៀល ដល់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីជាការលើកទឹកចិត្តក្នុងការខិតខំប្រឹងប្រែងបង្រ្កាបករណីនេះបានជោគជ័យ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង