អ្នកនាំពាក្យ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ថា៖ ការចោទ លោក កៅ សារ៉ាណា ប្រព្រឹត្តអំពើពុករលួយ ជារឿងមិនពិតទេ

រាជធានីភ្នំពេញ ៖ មន្ត្រីអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក កែវ វណ្ណថន មានប្រសាសន៍ប្រាប់បណ្តាញសារព័ត៌មាន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះថា រាល់ការចោទប្រកាន់ របស់ប្រភពមួយចំនួន ហើយឃើញចុះផ្សាយ នៅតាមប្រព័ន្ធផ្សព្វផ្សាយខ្លះ បានចោទ លោក កៅ សារ៉ាណា មេប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ បង្ខំកូនចៅក្រោមឱវាទ ឲ្យយកលុយពីភ្ញៀវបរទេស ចូលមកប្រទេសកម្ពុជា គឺជារឿងមិនពិតនោះទេ។

លោកថ្លែងដូច្នេះ បានកើតឡើងបន្ទាប់ពី លោក កៅ សារ៉ាណា បានធ្វើរបាយការណ៍បំភ្លឺជូន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោយមានសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានចុះផ្សព្វផ្សាយថា រូបលោកអសកម្ម ក្នុងការបំពេញតួនាទីដឹកនាំ និងបង្កើតឲ្យមានអំពើពុករលួយ ឬបង្កើតឲ្យមានភាពមិនប្រក្រតីមួយចំនួន ក្រោមការដឹកនាំ របស់លោក នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ។

លោក កែវ វណ្ណថន មានប្រសាសន៍បន្តថា ចំពោះករណី លោក កៅ សាណារ៉ា នៅពេលឃើញសារព័ត៌មាន ចុះផ្សាយអំពីករណី លោក កៅ សារ៉ាណា ភ្លាម គឺខាងអគ្គនាយកដ្ឋាន បានចាត់ឲ្យនាយកដ្ឋានជំនាញ ហៅ លោក កៅ សារ៉ាណា មកបំភ្លឺ ហើយគាត់បានធ្វើរបាយការណ៍បំភ្លឺរួចរាល់ហើយដែរ ដោយបដិសេធន៍រាល់ការចោទប្រកាន់មកលើរូបលោក ថាជារឿងមិនពិតទាល់តែសោះ។

ចំពោះបញ្ហានេះ មន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ករណីចោទប្រកាន់ លោក កៅ សារ៉ាណា  នាយប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ក៏ត្រូវបាន លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន​ធ្វើរបាយការណ៍ជូនទៅ ក្រសួង​មហាផ្ទៃ និងដាក់ជូន ​សម្តេច​ក្រឡាហោម ស ខេង រួចរាល់​ហើយដែរ។

ទាក់ទិនបញ្ហានេះ លោក កៅ សារ៉ាណា នាយប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ បានឆ្លើយខ្លីថា ករណីចោទប្រកាន់នេះ គឺរូបលោក បានធ្វើរបាយការណ៍បំភ្លឺជូនថ្នាក់ដឹកនាំ នាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់លោករួចហើយ..។

យ៉ាងនេះក្តី យោងតាមពាក្យបណ្តឹង របស់មន្ត្រីមួយចំនួន ដែលអះអាងថា បម្រើការងារ នៅអាកាសយានដ្ឋាន ខេត្តព្រះសីហនុ ដាក់ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចោទ លោក កៅ សារ៉ាណា ថា បានបញ្ជាឲ្យកូនចៅ ក្រោមឱវាទ របស់ខ្លួន យកលុយពីភ្ញៀវបរទេសតាមជើងយន្តហោះ ក្នុងម្នាក់ចំនួន ១០ដុល្លារអាមេរិក ដោយមន្ត្រីមួយចំនួននោះ បង្ហាញការមិនពេញចិត្ត ចំពោះសកម្មភាព នៃការដឹកនាំ របស់លោក កៅ សារ៉ាណា ហើយបានចោទប្រកាន់ រូបលោក និងមន្ត្រីមួយចំនួន ថាអសកម្មក្នុងការបំពេញតួនាទីដឹកនាំ និងបង្កើតឲ្យមានអំពើពុករលួយ  នៅក្នុង អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ៕ ដែន សីមា

អត្ថបទដែលជាប់ទាក់ទង