សមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀនជិត ១តោន នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅវេលាម៉ោង ២២និង២០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនាយកដ្ឋាននគរបាលព្រំដែនទឹក (កោះព្រាប) ដោយមានការសម្របសម្រួលលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនចំនួន ០៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ដោយក្នុងនោះ គោលដៅទី១៖ នៅចំណុច ក្រុម១១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ និងដកហូតអូបរ ១គ្រឿង, ទូកយន្ត ១គ្រឿង និងសារធាតុញៀន(កេតាមីន) ៤៤ការ៉ុង។

គោលដៅទី២៖ នៅចំណុច ក្រុម២ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យ ០៣នាក់ និងដកហូតម៉ូតូ ២គ្រឿង។ និងគោលដៅទី៣៖ នៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យ ១នាក់ និងដកហូតរថយន្ត ១គ្រឿង។

សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង ០៥នាក់ រួមមាន៖ ឈ្មោះ TONG JIAN XIN ភេទប្រុស អាយុ ៧១ឆ្នាំ ជនជាតិ ចិន។ ឈ្មោះ GAO ZHI BIN ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិ ចិន។ ឈ្មោះ LI YONG XIN ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិ ចិន។ ឈ្មោះ ZHONG JIAN LIN ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ចិន។ ឈ្មោះ JAN XI TONG ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិ ចិន។

សមត្ថកិច្ច បានដកហូតបានរួមមាន៖ សារធាតុញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៨៧១ គ.ក្រ ២០០ក្រាម, អូប័រ ១គ្រឿង, ទូកយន្ត ១គ្រឿង, រថយន្ត ១គ្រឿង, និងម៉ូតូ ២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញយើង បានបញ្ជូនទៅប្រគល់ជូន ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ កសាងសំណុំរឿងបន្តតាមនីតិវិធី៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង