PL ខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យ៥នាក់ ទៅតុលាការ ករណីលួចកាត់ខ្សែភ្លើង និងទទួលផលចោរកម្ម

ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ០៥នាក់ រួមទាំងវត្ថុតាងទៅសាលាដំបូងខេត្ដព្រះសីហនុ ពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង និងអ្នកទទួលផលនៃអំពើលួច។

សមត្ថកិច្ច បានបន្តថា ជនសង្ស័យទាំង ០៥នាក់ រួមមាន៖ ឈ្មោះ ធឿន ធារ៉ា ហៅប៊យ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ឈ្មោះ ពៅ សុង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ឈ្មោះ គុន គា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ឈ្មោះ សន ណាវ៉ីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងឈ្មោះ ស្រ៊ុន ស្រីនិច ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកទទួលទិញអេតចាយ ទីតាំងស្ថិតក្នុង ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម C-125 សេរី ២០១៥ ពាក់ផ្លាកលេខ ព្រះសីហនុ 1B-4442 (ជាមធ្យោបាយធ្វើសកម្មភាព), លួសស្ពាន់ សំបកខ្សែភ្លើង កំណាត់ខ្សែភ្លើងមួយចំនួន (ជាផលនៃអំពើលួច)។

សមត្ថកិច្ច បានបញ្ជាក់បន្ថែមថា នៅវេលាម៉ោងប្រហែល ០០និង៣០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានល្បាតនៅតាមភូមិសាស្ត្រម្តុំអូរ៥ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បានប្រទះឃើញជនសង្ស័យ ២នាក់ កំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ភ្លាមនោះសមត្ថកិច្ចក៏បានឃាត់ខ្លួន យកមកសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។ ហើយជនសង្ស័យទាំង ០២នាក់ បានសារភាពថា ពួកគេ រួមទាំងបក្ខពួក ធ្លាប់ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅទីតាំងផ្សេងៗគ្នា ជាច្រើនលើកនាពេលកន្លងមក។ ទើបសមត្ថកិច្ចស្រាវជ្រាវបន្តរហូតឈានដល់ការឃាត់ខ្លួនបក្ខពួក និងអ្នកទទួលទិញផល នៃអំពើលួច ជាបន្តបន្ទាប់បន្ថែមទៀត៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង