ចេញពីផឹកស៊ីក្នុងខារ៉ាអូខេ បើករថយន្ដឆ្លងកាត់ទឹកកំពុងហូរ ធ្លាក់លិចទឹកស្លាប់ម្នាក់ និង៣នាក់ទៀត ដង្ហើមចង្រិត

ខេត្តក្រចេះ ៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បុរសម្នាក់ក្នុងចំណោម ៤នាក់ បានលិចបាត់ក្នុងទឹក ទៅជាមួយរថយន្ដ ចំណែក ៣នាក់ទៀត រំដោះខ្លួនចេញរួច និងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេចេញពីផឹកក្នុងហាងខារ៉ាអូចខេ ហើយបើករថយន្ដ ឆ្លងកាត់ទឹកកំពុងហូរខ្លាំង។

ករណីនេះ បានកើតឡើងកាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចទំនប់បង្ហៀរ «ថ្ពង» ស្ថិតនៅភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ជនរងគ្រោះមានគ្នា ៤នាក់ រួមមាន៖

១. ឈ្មោះ ឈួន រតនៈ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ (ជាអ្នកបើកបរ) រងរបួសស្រាល។

២. ឈ្មោះ ខឹម វីណា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ (ជាអ្នករួមដំណើរ) រងរបួសស្រាល ។

៣. ឈ្មោះ អ៊ុច សុភា ភេទប្រុស អាយុ ៣១ឆ្នាំ ជាអ្នករួមដំណើរ រងរបួសស្រាល។ ទាំង ៣នាក់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នួល។ ចំណែកទី៤. ឈ្មោះ ទិត្យ មេសា ភេទប្រុស អាយុ ៣១ឆ្នាំ បានបាត់ខ្លួនទៅជាមួយរថយន្ដ និងទើបរកឃើញសពនៅព្រឹកមិញនេះ។

ប្រភព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង ៤នាក់ បានផឹកស៊ីនៅផ្ទះ លុះយប់បន្តិច ក៏បែកគំនិតនាំគ្នាទៅច្រៀងខារ៉ាអូខេ (KTV) ដោយបើករថយន្តឆ្លងកាត់ទំនប់បង្ហៀរ ”ថ្ពង ” ប៉ុន្តែទឹកមិនទាន់ហូរខ្លាំងទេ។ លុះដល់យប់ភ្លៀងបានបន្តធ្លាក់ឥតឈប់ បណ្ដាលឱ្យទឹកទំនប់បង្ហៀរ ”ថ្ពង” ចាល់ឡើងនិងហូរខ្លាំង។ រហូតដល់ម៉ោងកើតហេតុជនរងគ្រោះ បានបើករថយន្តចេញពីហាង KTV ក្នុងបំណងមកផ្ទះ របស់ខ្លួន។ ពេលដល់ចំណុចកើតហេតុ ស្រាប់តែទឹកហូរប៉ើងរថយន្តធ្លាក់ពីលើទំនប់លិចបាត់តែម្ដង។

ក្នុងពេលនោះ ជនរងគ្រោះ ៣នាក់ បានរំដោះខ្លួនចេញរួច ខណៈម្នាក់ទៀតឈ្មោះ ទិត្យ មេសា បានលិចទៅជាមួយរថយន្ត។ លុះដល់ព្រឹកឡើងទើប សមត្ថកិច្ច និងក្រុមគ្រួសាររកឃើញរថយន្ត និងសពជនរងគ្រោះ៕

អត្ថបទដែលជាប់ទាក់ទង