ចៅអធិកាវត្ត​ប៉ោយ​អង្គរ ​ផឹកស្រាស្រវឹងរួចបើករថយន្ត បង្កគ្រោះថ្នាក់ចរាចរណ៍

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ សមត្ថកិច្ច មូលដ្ឋាន បាន ឲ្យដឹងថា ​ព្រះ​សង្ឃ​​០១អង្គ​ បាន​បើករថយន្ត​​កាមរី​ឆ្លាម ក្នុងសភាពស្រវឹង ​រួចក៏រ៉េ​ចង្កូត​ ទៅ​បុក​រថយន្ត​​ម៉ាកឡិច​​ស៊ី​ស ​RX300 ដែល ​កំពុងបើកបញ្ច្រាសទិសគ្នា បណ្តាល​ឱ្យ​រងការ​ខូចខាតទាំង​សង​ខាង ប៉ុន្តែមិនបណ្តាល​ឱ្យ​មនុស្ស​ណាម្នាក់រងគ្រោះថ្នាក់​ទេ។

ហេតុការណ៍នេះ បានកើតឡើងនៅ​ម៉ោង ​៨​យប់​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២២​ នៅចំណុច​​មុខ​សណ្ឋាគារ​រុងរឿង​ ស្ថិត​​ក្នុង​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ។

សាក្សី​​ឃើញ​ហេតុការណ៍​​ផ្ទាល់ បានឱ្យ​ដឹងថា​ ​មុនពេលកើតហេតុ រថយន្ត​ម៉ាកឡិច​​ស៊ី​ស​ RX.300​​ពាក់ស្លាក់​លេខ ​ភ្នំពេញ​ 2J-8522 ​បាន​បើកបរ​តាម​បណ្តោយ​ជាតិ​លេខ​៥ ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​ ហើយ​រថយន្ត​ម៉ាក​​កាមរី​ឆ្លាម​ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 2L-0874 ​បាន​បើកបរ​​ក្នុង​​ទិស​ដៅបញ្ច្រាសគ្នា​ ​ក្នុង​ល្បឿន​លឿន​  ហើយក៏បាន​រ៉េ​ចង្កូត ​ទៅ​ឆ្វេង​ដៃ ជ្រុល​​ទៅ​បុក​រថយន្ត​ឡិច​​ស៊ី​ស​ ខាងក្រោយ​ចំហៀង​ខាងឆ្វេង​ បណ្តាលឱ្យ​​រង​ការ​ខូចខាត​ទាំង​សងខាង​ ប៉ុប៉ុន្តែមិនមានមនុស្ស​ណា​ម្នាក់រ​ង​របួស​ទេ។

ក្រោយកើតហេតុ ភ្លាម​ៗនោះ គេ​ឃើញ​មាន កម្លាំង​នគរបាល​ចរាចរណ៍​ជើង​គោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ​បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍ ​និង​វាស់វែង ​ឃើញ​អ្នកបើកបរ​រថយន្ត​ម៉ាកកាមរី​ឆ្លាម ​ដែល​ចេញពី​រថយន្ត​ មាន​ព្រះ​សង្ឃ​ ០២​អង្គ​ គង់​ខាង​មុខ​ ក្នុង​នោះព្រះ​​សង្ឃ ០១​អង្គ​ គង់​នៅ​ខាងឆ្វេង​ ជា​អ្នក​​​បើករថយន្ត​ និង​ស្ត្រី​ម្នាក់​អង្គុយ​ខាងក្រោយ។

បន្ទាប់មក​​កម្លាំង​សមត្ថកិច្ច​ ក៏បាន​និមន្ត​ព្រះ​សង្ឃ​ទាំង ០២​អង្គ​ និង​ស្ត្រី​ម្នាក់​ឡើង​រថយន្ត​ របស់មន្ត្រីនគរបាលឆ្ពោះទៅកាន់ ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​​ចំណែក​​រថយន្ត​​ទាំង​​​ ០២​គ្រឿង​ ត្រូវ​សមត្ថកិច្ច ស្ទូច​​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​ដើម្បីបន្តនីតិវិធីតាមក្រោយ។

សមត្ត​កិច្ច​ បានឱ្យ​ដឹង​​ថា​ ​ក្រោយ​ពេល​កម្លាំង​ជំនាញ​ បាន​ធ្វើតេស្ត​ក្នុង​ចំណោមព្រះ​សង្ឃ​ ០២​អង្គ​ គឺមានព្រះសង្ឃ​​ ០១​អង្គ​ មាន​ជាតិ​អាល់​កុល​ ហើយ​ជា​អ្នកបើកបរ​ទៀត​ និង​​ជា​ចៅអធិការ​វត្ត​ប៉ោយ​អង្គរ ​ឃុំ​តា​គង់​ ស្រុក​ម៉ា​ឡៃ និង​ស្ត្រី​ម្នាក់​មក​ជាមួយ​ គឺ​ជា​ម្តាយ​របស់​ព្រះ​អង្គ​​។ ​

តាម​ប្រភព​​ខាងលើ​ បាន​បន្ត​ថា មុន​ពេល​គ្រោះថ្នាក់​កើតឡើង​ ព្រះ​​សង្ឃ​ទាំង​ ០២​អង្គ​ បាន​និមន្ត​មក​ពី​វត្ត​ប៉ោយ​អង្គរ​ ឃុំ​តា​គង់​ ស្រុក​ម៉ា​ឡៃ​ ​នាំ​ម្តា​យមក​លេង​វត្ត​ស្វាយ​ចាស់ ដោយ​បើក​រថយន្ត​​ចេញ​មក​ក្រៅ​ចូល​ហាង​ក្បែរផ្លូវ ​រហូត​ដល់​​ព្រលប់​ ​ទើប​ដឹក​​​ម្តាយ​​ត្រឡប់​ទៅ​ផ្ទះ នៅ​​ស្រុក​ម៉ា​ឡៃ​វិញ លុះ​​ពេល​កំពុងបើកបរ​ចេញ​មកតាមផ្លូវ ក៏​​បានបុក​ជាមួយ​ រថយន្តឡិច​​ស៊ី​ស​ RX 300 បណ្តាល​ឱ្យ​រងការ​ខូចខាតទាំង​សង​ខាង៕

អត្ថបទដែលជាប់ទាក់ទង