ករណីជួញដូរកម្លាំងពលកម្ម ក្នុងខេត្តព្រះសីហនុ សមត្ថកិច្ច ឃាត់ខ្លួនជនពាក់ព័ន្ធ១១នាក់

រាជធានីភ្នំពេញ ៖  លោកនាយឧត្តមសនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ថា ក្រោយពេលសមត្ថកិច្ចជំនាញ ចុះស្រាវជ្រាវលើបទល្មើសជួញដូរកម្លាំងពលកម្ម០១ករណី នៅខេត្តព្រះសីហនុ សមត្ថកិច្ច បានខ្លួនជនពាក់ព័ន្ធចំនួន ១១នាក់ និងរកឃើញអាវុធវែងខ្លីមួយចំនួនទៀត។

លោកបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរ កម្លាំងពលកម្មខាងលើនេះ បានធ្វើឡើងតាំងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២មកម៉្លេះ បន្ទាប់ពីមានបណ្តឹង ហៅមកកាន់ប្រព័ន្ធ Hotline  របស់ក្រុមការងារ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា មាននារីម្នាក់ ត្រូវបានក្រុមជនសង្ស័យចាប់បង្ខាំងទុក ដើម្បីឱ្យនៅបម្រើការងារ ក្នុងក្រុមហ៊ុនមួយកន្លែង នៅក្នុងខេត្តព្រះសីហនុ។

លោកបញ្ជាក់ថា នៅថ្ងៃចេញប្រតិបត្តិការដំបូង សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ដែលជាជនជាតិចិន និងបានរំដោះនារីរងគ្រោះម្នាក់ ដែលជាជនជាតិម៉ាឡេស៊ី។

លោក ខៀវ សុភ័គ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា បន្ទាប់ពីស្រាវជ្រាវ ក្នុងកិច្ចប្រតិបត្តិការបន្តនេះ កម្លាំងសមត្ថកិច្ច បានឈានទៅឃាត់ខ្លួនបានជនសង្ស័យសរុប ០៨នាក់។  ក្នុងនោះ កម្លាំងសមត្ថកិច្ច បានដកហូតបាន អាវុធខ្លី ម៉ាក ZORAKI ចំនួន ០១ដើម។ បន្តបន្ទាប់មកទៀត រហូតដល់យប់រំលងអធ្រាត្រវេលាម៉ោង ០១ និង៣០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញ ក៏បានបន្តចុះស្រាវជ្រាវឈានទៅបង្ក្រាបបាន ជនសង្ស័យជួញដូរអាវុធមួយករណីទៀត និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់។ ក្នុងនោះ មានជនជាតិខ្មែរចំនួន ០២នាក់ និងចិនម្នាក់ ព្រមទាំងបានដកហូតវត្ថុតាង អាវុធមួយចំនួនបន្ថែមទៀត។

ជនសង្ស័យទាំង០៣នាក់នេះ មានឈ្មោះ ៖
១- ឈ្មោះ TANG GUO HUI ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន លិខិតឆ្លងដែនលេខៈ EH6362750

២- ឈ្មោះ សាន សុខឡេង ភេទប្រុស ជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ។

៣- ឈ្មោះ ថៃ ឃាង ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។

ចំពោះ វត្ថុតាងដកហូតបាន រួមមាន ៖ អាវុធវែង ០២ដើម (ម៉ាត់ត្រយ៉ែត និងកាលីតឌូ), បង់ត្រឡោក ០១, បង់អាវុធវែង AK ចំនួន០១, អាវុធខ្លី ០៣ដើម (សរុបរួម ០៤ដើម), ម៉ាក ZORAKI ពណ៌ខ្មៅ បង់០១, ម៉ាក ZORAKI ពណ៌ខ្មៅ បង់ ០មក១, ម៉ាក SIG SAUER ពណ៌ខ្មៅ បង់០២, គ្រាប់កាំភ្លើង ២៤០គ្រាប់ (សរុបរួម ២៦៥គ្រាប់) និងរថយន្ត ចំនួន ០១គ្រឿង។

លោក ខៀវ សុភ័គ ឲ្យដឹងផងដែរថា កម្ពុជា កំពុងបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីត្រួតពិនិត្យការស្នាក់នៅ របស់ជនបរទេស ដែលចូលមកក្នុងប្រទេសកម្ពុជា លើកលែងតែមន្រ្តីការទូត ដើម្បីពិនិត្យភាពស្របច្បាប់ និងរកមុខសញ្ញា ដែលពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស..៕

អត្ថបទដែលជាប់ទាក់ទង