អតីត​ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ចូលធ្វើនយោបាយ ជាមួយគណបក្ស​ភ្លើងទៀន

រាជធានីភ្នំពេញ ៖​ អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បានឲ្យដឹងថា អតីត​ឯកអគ្គរាជទូត​កម្ពុជា​ ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក ស៊ុត ឌីណា​ បានដាក់​ពាក្យសុំ​ចុះចូល​បម្រេីសកម្មភាពនយោបាយ ជាមួយ គណបក្ស​ភ្លើងទៀន ជាផ្លូវការហើយ កាលពី​ថ្ងៃទី​១២​ ខែសីហា​ ឆ្នាំ២០២២​។ ហើយពេលនេះ គណបក្ស​ភ្លើងទៀន ក៏បានទទួល​យក​ លោក ស៊ុត ឌី ធ្វើជា​សមាជិក​គណបក្ស​ ជាផ្លូវការហើយដែរ។ 

គួររំលឹកថា កាល​ថ្ងៃទី​១១ វិច្ឆិកា ឆ្នាំ​២០១៣ លោក ស៊ុត ឌីណា ​ត្រូវ​បាន រាជ​រដ្ឋាភិបាល ​តែងតាំង​ជា ឯកអគ្គរាជទូត​កម្ពុជា ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​។ បន្ទាប់ពី​បាន​កាន់​តួនាទី​ ជាង ០២​ឆ្នាំ លោក ស៊ុត ឌីណា ត្រូវ​បាន ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ចាប់ខ្លួន ដោយ​ចោចោទប្រកាន់ថា បានប្រព្រឹត្តិ​អំពើពុករលួយ​ ពាក់ព័ន្ធ​​ទឹកប្រាក់​ជាង ៧​លាន​ដុល្លារ អាមេរិក មាស​ជាង ៣៣០​តម្លឹង និង​គ្រឿងអលង្ការ​មួយ​ចំនួន​ទៀត ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចោទ​ថា រក្សាទុក​នៅ​ប្រទេស​កូរ៉េខាងត្បូង។

បទចោទខាងលើនេះ តុលាការ​កម្ពុជា បាន​កាត់ទោស​ឱ្យ​ជាប់ លោក ស៊ុត ឌីណា ជាប់ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ កាល​ពី​ឆ្នាំ​២០១៦​។

បន្ទាប់ពី​ជាប់ពន្ធនាគារ ​អស់​រយៈពេល​ជាង ៤​ឆ្នាំ លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​នៅ​ថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ​​២០២០ តាម​រយៈ​ព្រះរាជ​ក្រឹត្យ​របស់​​ព្រះមហាក្សត្រ នរោត្តម សីហមុនី ចុះថ្ងៃទី១២ ខែ​ឧសភា ក្រោយជាប់​ពន្ធនាគារ​​អស់រយៈពេលជាង ៤ឆ្នាំ ​រួច​មក៕

អត្ថបទដែលជាប់ទាក់ទង