ក្រុមទឹកលិចពិភពលោក ត្រូវអាជ្ញាខេត្តសៀមរាប និងលោក ហ៊ុន ម៉ានិត ចុះឲ្យបញ្ឈប់ការជួបជុំ

ខេត្តសៀមរាប ៖ នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២ ក្រុមទឹកលិចពិភពលោក ត្រូវបានអាជ្ញាខេត្តសៀមរាប និងលោក ហ៊ុន ម៉ានិត ចុះពិនិត្យ និងប្រាប់ឱ្យបញ្ឈប់ការជួបជុំ បន្ទាប់ពីមានហ្វូងមនុស្សលើកគ្នាប្រមូលផ្ដុំនៅដីចម្ការ របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្រោយមានការកៀរគរមនុស្សប្រមាណ ២ម៉ឺននាក់ នៅផ្ទះ របស់លោកស្ថិតនៅក្បែរភ្នំកូលែន។

នៅរសៀលថ្ងៃទី២៧ ខែសីហា  អភិបាលខេត្តសៀមរាប លោក ទៀ សីហា , លោកស្នងការខេត្តនិងលោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិបានដឹកនាំក្រុមការងារ ចុះទៅពិនិត្យមើលស្ថានភាពក្រុមខាងលើ។

ប្រភពព័ត៌មាន បានឱ្យដឹងថា ពេលចុះទៅដល់កន្លែងជួបជុំនោះអភិបាលខេត្តសៀមរាប លោក ទា សីហា និងអាជ្ញាធរ បានប្រាប់ឱ្យលោក ខឹម វាសនា រំសាយការជួបជុំគ្នានេះត្រឹមថ្ងៃទី២៨ សីហា ឆ្នំា២០២២។

ជាការឆ្លើយតប លោក ខឹម វាសនា បានយល់ព្រមតែសុំពន្យាពេលរំសាយការប្រមូលផ្ដុំ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។

សូមរម្លឹកថា ការប្រមូលផ្ដុំគ្នានេះបានកើតឡើងបន្ទាប់ពី លោក ខឹម វាសនា បានសរសេរន័យរៀបរាបរាប់ជាច្រើន មួយរយៈចុងក្រោយនេះ លើផេកហ្វេកបុក របស់លោកទាក់ទងដំណើរវិវឌ្ឍន៍ប្រែប្រួលនៃធម្មជាតិ ធ្វើឱ្យទឹកលិចពិភពលោក ដែលន័យខ្លះត្រូវគេមើលឃើញថា ហាក់រវើរវាយ ជាការភ្ជាប់នឹងន័យប៉ុន្មានឃ្លា ដែលអ្នកខ្លះគិតថា ជាទំនាយ ឬអ្នកខ្លះថា ជាដំណាលនិយាយតៗគ្នាគ្មានប្រភពច្បាស់លាស់ជាច្រើនជំនាន់មកហើយនូវឃ្លា៖ «បាងកករលំ ភ្នំពេញរលាយព្រៃនគរខ្ចាត់ខ្ចាយសប្បាយអង្គរវត្ត»។ ក្រៅពីឃ្លាទាំងនេះលោក ខឹម វាសនា បានសរសេររៀបរាប់ជាច្រើនទៀត..៕

អត្ថបទដែលជាប់ទាក់ទង