សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកសភាអាមេរិក ចូលជួបពិភាក្សាការងារ

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ និងគណៈប្រតិភូសមាជិកសភាអាមេរិក និងមានតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋថេនណេសស៊ីផងដែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសហរដ្ឋអាមេរិក។

លោកស្រី អេលីហ្សាបេត បានសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ចំពោះការតស៊ូ និងប្រឹងប្រែង របស់សម្ដេចតេជោ នាំជូនប្រជាពលរដ្ឋកម្ពុជា នូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។

ជាងនេះទៀត លោកស្រី ក៏បានគោរពជម្រាបជូន សម្ដេចតេជោផងដែរថា ដំណើរទស្សនកិច្ច របស់លោកស្រី និងប្រតិភូនាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងតាមរយៈសក្ដានុពលដែលកំពុងមាន និងតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូន លោកស្រី អេលីហ្សាបេត ព្រមទាំងប្រតិភូទាំងមូល អំពីប្រវត្តិរបស់កម្ពុជា ក៏ដូចជាប្រវត្តិ នៃទំនាក់ទំនង រវាងកម្ពុជា ជាមួយសហរដ្ឋអាមេរិក។

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយ លោកស្រី អេលីហ្សាបេត ដែលថា យើងនាំគ្នាសម្លឹងទៅមុខ និងក្ដាប់ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្ន ជាពិសេស លើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ ធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើង ៕

អត្ថបទដែលជាប់ទាក់ទង