រថយន្តដឹកដីចុះចំណោត មិនប្រយ័ត្នបុកម៉ូតូ ស្លាប់មនុស្ស២នាក់

ខេត្តព្រះសីហនុ ៖ មន្រ្តីនគរបាលចរាចរណ៍ ខេត្តព្រះសីហនុ បានឱ្យដឹងថា នៅវេលាម៉ោង ១១:០០នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកដី ប៉ុកប៉ះជាមួយម៉ូតូ បណ្តាលឱ្យមនុស្ស ០២នាក់ ត្រង់ចំណុចផ្លូវចំណោតមហោស្របថ្មី ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

មន្រ្តីនគរបាល បញ្ជាក់ថា មានរថយន្តបែនដឹកដី ០១គ្រឿង ម៉ាក HHIYANDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-4500 បើកបរដោយឈ្មោះ​ សួន ខា ភេទប្រុស​ អាយុ ៣០ឆ្នាំ​​ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅ​ភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រកព្រៃនប់ ខេត្តព្រះសីហនុ​ បានបើកបរមានទិសដៅចុះចំណោតពី ជើងទៅ​ត្បូង លុះមកដល់ចំណុចផ្លូវកោងកេីតហេតុខាងលើ ក៏បានរ៉េចង្កូតទៅឆ្វេងបុកនឹងម៉ូតូ​ ០១គ្រឿង ម៉ាក​ HONDA ZOOMER ពណ៌ទឹកក្រូច-ស ពាក់ផ្លាកលេខ ព្រះសីហនុ 1G-7537​ បេីកបរដោយ​ ឈ្មោះ​ ប៊ូ រតនា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមន្ត្រីនគរបាលខេត្តព្រះសីហនុ រួមដំណើរដោយកូនឈ្មោះ ធី រតនាឧត្តម ភេទប្រុស អាយុ ៧ឆ្នាំ មុខរបរសិស្ស បច្ចុប្បន្នស្នាក់ នៅ​ភូមិ១ សង្កាត់​លេខ១​ ក្រុង​-ខេត្តព្រះសីហនុ​ ដែលមានទិសដៅផ្ទុយគ្នា បណ្ដាលឱ្យស្លាប់មនុស្ស​ទាំង ២នាក់។

ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែក ចំពោះ រថយន្តបង្កហេតុ និងម៉ូតូជនរងគ្រោះ រួមជាមួយ អ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននាំមកកាន់ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ ខេត្ត​ព្រះសីហនុ ដើម្បីបន្តតាមនីតិវិធី នៅពេលក្រោយ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង