រដ្ឋបាលខេត្តសៀមរាប នឹងចាត់វិធានការច្បាប់ លើសកម្មភាពប្រមូលផ្ដុំ របស់ក្រុមលោក ខឹម វាសនា បើដល់ថ្ងៃទី៣០ ខែសីហា នៅតែមិនព្រមរំសាយ

ខេត្តសៀមរាប ៖ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំមួយពាក់ព័ន្ធរឿង លោក ខឹម វាសនា ប្រមូលផ្តុំប្រជាពលរដ្ឋនៅដីចម្ការម្រេចក្បែរភ្នំគូលែន ដែលគិតមកដល់ពេលនេះ ប្រជាពលរដ្ឋទាំងនោះ បានកើនឡើងជិត ២ម៉ឺននាក់ហើយ ខណៈអាជ្ញាធរ នៅពុំទាន់មានវិធានការនៅឡើយ។

កិច្ចប្រជុំ បានពិភាក្សាទៅលើហេតុការណ៍ និងសភាពការណ៍មួយចំនួន ដែលកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្ត ជាពិសេសការជួបជុំប្រមូលផ្តុំ របស់ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា ដែលមានជំនឿទៅលើលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលតាំងខ្លួនជាតួអង្គព្រហ្ម (ពួកអមនុស្ស អំបូរទេវតា) ដោយបានបំផុសបំផុលប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេសថា មានគ្រោះរញ្ជួយផែនដី កើតមានទឹកជំនន់ ក្នុងពេលឆាប់ៗនេះ ដោយឱ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់រត់មកជ្រកកោន នៅម្តុំដីចំការ របស់លោក មានទំហំប្រមាណជាង ១២ហិកតា ស្ថិតនៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ ដែលបានមកជួប លោក ខឹម វាសនា គឺមានចំនួនជិត ២ម៉ឺននាក់ ដោយមិនទាន់ប្រកាសរំសាយនៅឡើយទេ។

ក្នុងកិច្ចប្រជុំដដែលនេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា កាលពីថ្ងៃទី២៧ ខែសីហា កន្លងទៅ រូបលោក និងលោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ បានចុះទៅពិនិត្យផ្ទាល់ម្ដងរួចមកហើយៗ បានបញ្ជាឲ្យ លោក ខឹម វាសនា បញ្ឈប់សកម្មភាពជួបជុំ និងប្រមូលផ្ដុំក្រុមប្រជាពលរដ្ឋជាបន្ទាន់ ក៏ប៉ុន្តែការបញ្ជានោះត្រូវបាន លោក ខឹម វាសនា បដិសេធ ហើយស្នើសុំពន្យាពេលរហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។

លោក ទៀ សីហា បានចាត់ទុកសកម្មភាព របស់លោក ខឹម វាសនា ថាជាទង្វើខុសច្បាប់ និងកំពុងធ្វើសកម្មភាពឲ្យប្រជាពលរដ្ឋចលាចល និងខាតបង់ផលប្រយោជន៍ផ្ទាល់ខ្លួន នៅពេលដែលមានពលករខ្មែរ និងកូរ៉េរាប់ពាន់នាក់ បានសម្រុកមកជួបជុំតាមការលើកឡើង របស់លោក។

បន្ថែមលើនេះ កិច្ចប្រជុំ ក៏បានពិភាក្សាជំរុញដល់គ្រប់អង្គភាពមន្ទីរស្ថាប័ន សហការរួមគ្នាផ្អែកលើជំនាញ ដើម្បីពិនិត្យទៅលើទិដ្ឋភាពផ្នែកច្បាប់ សុខុមាលភាពសង្គម អនាម័យ បរិស្ថានសាធារណៈ បញ្ហាជំងឺរាតត្បាត និងផលប៉ះពាល់សំខាន់ៗជាច្រើន និងអ្នកចូលរួមអាចខាតបង់ពេលវេលាប្រកបអាជីវកម្ម ខាតបង់ការសិក្សា របស់កូនចៅផងដែរ។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប នឹងត្រៀម ដើម្បីរៀបចំវិធានការច្បាប់ប្រឆាំង នឹងសកម្មភាពប្រមូលផ្ដុំ របស់ក្រុមលោក ខឹម វាសនា ប្រសិនជាហួសពេលកំណត់ហើយមិនព្រមរំសាយ។

សូមរម្លឹកផងដែរ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កន្លងមក លោក ខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ។ លោកក៏អំពាវនាវដល់អ្នកគាំទ្រ របស់ខ្លួន ឲ្យទៅជួបជុំគ្នានៅលើដីចម្ការ របស់លោក មានទីតាំងនៅជើងភ្នំគូលែន នៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយបាន។

បន្ទាប់ពីការសរសេរលើបណ្ដាញសង្គមរួចមក ក៏មានពលរដ្ឋជិត ២ម៉ឺននាក់ បាននាំក្រុមគ្រួសារ ធ្វើដំណើរខ្លះតាមរថយន្ត ខ្លះតាមម៉ូតូ មកកាន់តំបន់ជើងភ្នំគូលែនយ៉ាងកុះករ។

ចំណែកពលករខ្មែរខ្លះ ដែលកំពុងធ្វើការនៅក្រៅប្រទេស ក៏ប្រញាប់វិលត្រឡប់មកកម្ពុជា វិញដែរ ដោយបោះបង់ការងារ ដែលកំពុងធ្វើថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង