សមត្ថកិច្ច សង្គ្រោះជនជាតិចិន៤នាក់ ពីការចាប់បង្ខាំងទុកឲ្យបម្រើការងារ ក្នុងក្រុមហ៊ុនមួយ នាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច នគរបាល បានជួយសង្គ្រោះ ជនជាតិចិនចំនួន ០៤នាក់ទៀត ពីការចាប់បង្ខាំងទុក ដើម្បីឲ្យបម្រើការងារ ក្នុងក្រុមហ៊ុនឯកជនមួយ នៅខេត្តព្រះសីហនុ។

សមត្ថកិច្ចនគរបាល បន្តថា ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងសម្របសម្រួលនីតិវិធីដោយ លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅវេលាថ្ងៃត្រង់ ថ្ងៃទី០១ ខែកញា ឆ្នាំ២០២២ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងក្រុមហ៊ុនឯកជនមួយកន្លែង ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ហើយ បានរកឃើញជនរងគ្រោះជនជាតិចិនចំនួន ០៤នាក់ ដែលត្រូវគេចាប់បង្ខាំងទុកឲ្យធ្វើការក្នុងក្រុមហ៊ុននេះ។

ជនរងគ្រោះទាំង ០៤នាក់ មានឈ្មោះ៖

១- ឈ្មោះ YUAN WENJIE ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន។
២- ឈ្មោះ YANG WANG ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន។
៣- ឈ្មោះ CHEN QINGFENG ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិចិន។
៤- ឈ្មោះ YI KECHENG ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបាននាំខ្លួន បុរសជនជាតិចិន ០២នាក់ ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន មកសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

សមត្ថកិច្ច បន្ថែមថា សកម្មភាពខាងលើនេះ ធ្វើឡើង ក្រោយមានបណ្តឹងពីជនរងគ្រោះចូលប្រព័ន្ធ Hotline របស់ក្រុមការងារ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលអះអាងថា ត្រូវបានគេចាប់បង្ខាំងទុក ដើម្បីឲ្យបម្រើការងារក្នុងក្រុមហ៊ុន..៕

អត្ថបទដែលជាប់ទាក់ទង