ពិធីជួបសំណេះសំណាល របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅរសៀល ថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រុងព្រះសីហនុ បានរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយមន្ត្រីរាជការ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ..។

ពិធីនេះ ក្រោមអធិបតីភាព លោក តឹករ៉េត សំរេច ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងព្រះសីហនុ និងលោក អ៉ី សុខឡេង ប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រុងព្រះសីហនុ

នៅក្នុងពិធីនេះដែរ លោក អ៉ី សុខឡេង ក៏បានសំណូមពរដល់ ក្រុមអ្នកសារព័ត៌មានថា ប្រសិនបើអាច មិនគួរចុះផ្សាយរាល់ព័ត៌មានទាំងឡាយណា ដែលនាំឲ្យប៉ះពាល់ដល់អសន្តិសុខ មិនចំណេញដល់ប្រជាពលរដ្ឋ មិនចំណេញដល់ផែនការអភិវឌ្ឍន៍ របស់ រដ្ឋបាលក្រុង-ខេត្ត និងសង្គមជាតិជាដើម នោះទេ។

បន្ថែមលើនេះ លោក អ៉ី សុខឡេង អតីតអភិបាលក្រុងព្រះសីហនុ ហើយបច្ចុប្បន្នជា អភិបាលរងខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ ដល់ក្រុមអ្នកសារព័ត៌មាន ដែលកន្លងមក បានចូលរួមសហការចែករំលែកព័ត៌មានផ្សេងៗ ជាមួយរដ្ឋបាលក្រុងព្រះសីហនុ ទទួលបានលទ្ធផលវិជ្ជមាន គួរឲ្យកត់សម្គាល់។

ជាងនេះទៀត លោក ក៏ស្នើដល់ក្រុមអ្នកសារព័ត៌មានទាំងអស់ ឲ្យបន្តចូលរួមសហការផ្តល់ព័ត៌មានផ្សេងៗ ដើម្បីចូលរួមចំណែក ដល់ការងារអភិវឌ្ឍន៍មូលដ្ឋាន រដ្ឋបាលក្រុង និងខេត្តព្រះសីហនុ ឲ្យកាន់តែរីកចំរើនថែមទៀត នាថ្ងៃអនាគត់៕

អត្ថបទដែលជាប់ទាក់ទង