ថ្ងៃសុក្រនេះ សមត្ថកិច្ច ចាប់ខ្លួនជនដៃដល់ ដែលកាប់ជនរងគ្រោះដាច់កដៃឆ្វេង នៅខេត្តព្រះសីហនុ បានហើយ

រាជធានីភ្នំពេញ ៖ នៅម៉ោង ១១ និង៤០នាទីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងជំនាញ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ វង្ស វាសនា  ដែលបានកាប់ជនរងគ្រោះម្នាក់បណ្តាលឲ្យដាច់ ក ដៃខាងឆ្វេង នៅខេត្តព្រះសីហនុនោះបានហើយ នៅចំណុចភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ច បញ្ជាក់ថា ករណីហិង្សាខាងលើនេះ បានកើតឡើង កាលម៉ោង ០៥ល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២  ដោយជនសង្ស័យ និងជនរងគ្រោះ ធ្វើការជាកម្មករសំណង់ដូចគ្នា។  ក្នុងនោះ ជនសង្ស័យមានឈ្មោះ វង្ស វាសនា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បានយកកាំបិតបុង័តោ កាប់ទៅលើជនរងគ្រោះ ឈ្មោះ ជឿន ជាតិ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យដាច់កដៃឆ្វេង។ ហើយ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យឈ្មោះ វង្ស វាសនា ក៏បានរត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ច ស្រាវជ្រាវចាប់ខ្លួនបាននៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ៕

អត្ថបទដែលជាប់ទាក់ទង