លោកឧកញ៉ា ទៀ វិចិត្រ បន្តជួយសង្គ្រោះជីវិត អ្នកនេសាទ៣នាក់ ដែលលិចទូកលើលម្ហសមុទ្រ

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប័រល្បឿនលឿនចំនួន ០២គ្រឿង សហការជាមួយ កម្លាំងសមត្ថកិច្ច  បានចេញទៅជួយសង្គ្រោះ ប្រជានេសាទ ចំនួន ០៣នាក់ ដែលរងគ្រោះលិចទូក នៅលើលម្ហសមុទ្រ។

ទូកនេសាទមួយគ្រឿងនោះ មានពណ៌ត្រួយចេក​ មានបណ្តោយប្រវែង​ ១៥ម៉ែត្រ​ និងទទឹងប្រវែង​ ៤ម៉ែត្រ​ ហើយបានលិចនៅចំណុចខាងក្រៅកោះដំឡូង​ ប្រហែល​ ១ម៉ៃ ស្ថិតនៅក្នុងមូលដ្ឋានសង្កាត់កោះរ៉ុងសន្លឹម​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះនៅលើទូកនេសាទទាំងអស់ មានចំនួន ០៣នាក់។ មានតៃកុងទូកម្នាក់ និងកម្មករទូក ០២នាក់ ក្រោយកើតហេតុ ពួកគាត់បានហែលទឹកឡេីងមកលើ កោះដំឡូង បន្ទាប់មកត្រូវបានជួយសង្គ្រោះ នាំមកកាន់ដីគោក ដោយសុវត្ថិភាព។

ជនរងគ្រោះទាំង ០៣នាក់ ​មានឈ្មោះ៖
១- ឈ្មោះ ពេជ្រ​ ថ្មី​ ភេទប្រុស​ អាយុ ៤២ឆ្នាំ​ មុខរបរតៃកុងទូក​ មានស្រុកកំណេីតនៅភូមិកំពង់ត្នោត​ ឃុំកូនសត្វ​ ស្រុក​ទឹកឈូ​ ខេត្តកំពត​។

២- ឈ្មោះ ទន់​ វាសនា​ ភេទប្រុស​ អាយុ​ ៣២​ឆ្នាំ​ មុខរបរកម្មករទូក​ មានស្រុកកំណេីតនៅភូមិក្រាំងរំដេង​ ឃុំក្រាំងស្បូវ​ ស្រុកឈូក​ ខេត្តកំពត​។

៣- ឈ្មោះ សៀម​ វិជ័យ​ ភេទប្រុស​ អាយុ ២៥ឆ្នាំ មុខរបរកម្មករទូក​ មានស្រុកកំណេីតភូមិរបោះខ្ទម​ ឃុំដំបូកខ្ពស់​ ស្រុកអង្គរជ័យ​ ខេត្តកំពត​។

តាមការរៀបរាប់ របស់ជនរងគ្រោះបានឲ្យដឹងថា មូលហេតុដែលនាំឲ្យលិចទូក គឺបណ្តាលមកពី​ឧបករណ៍បូមទឹក របស់មាសុីនទូកខូច ​និងចំពេលរលកធំៗទៀត ទើបបណ្តាលឲ្យទឹកចូលទូកលិចតែម្តង។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានធ្វើការអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពីសុវត្ថិភាពផ្ទាល់ខ្លួន។

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ នៅកម្ពុជា ឲ្យដឹងថា ប៉ុន្មានថ្ងៃនេះ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងច្រើន ខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ដែលទាមទារឲ្យអ្នកធ្វើតាមសមុទ្ រមានការប្រុងប្រយ័ត្នខ្ពស់ ពីសុខសុវត្ថិភាព របស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង