ឧកញ៉ា ទៀ វិចិត្រ នាំយករទេះរុញ និងគ្រឿងឧបភោគបរិភោគ ផ្តល់ជូនលោកយាយពិការជើងម្នាក់ រស់នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានចុះសួរសុខទុក្ខ និងនាំយករទេះរុញថ្មីចំនួនមួយគ្រឿង គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ០១លានរៀល មកប្រគល់ជូន លោកយាយចាស់ជរាម្នាក់ ដែលពិការជើងដើរមិនរួច  ហើយកំពុងរស់នៅក្នុងបន្ទប់ជួល ជាមួយកូនប្រុស នៅក្រុម២ ភូមិ១៦ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

ស្ត្រីវ័យចំណាស់ មានឈ្មោះ ម៉ុក ងយ មានអាយុ ៨១ឆ្នាំ មានជំងឺប្រចាំកាយដើរមិនរួច រស់នៅជាមួយកូនប្រុស ដែលមានជីវភាពក្រីក្រ មានមុខរបរលក់បបរ ដើម្បីរកប្រាក់ទិញអាហារប្រចាំថ្ងៃ ដើម្បីចិញ្ចឹមម្តាយ ទិញថ្នាំពេទ្យ និងបង់ថ្លៃបន្ទប់ប្រចាំខែ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ដោយពិនិត្យឃើញគ្រួសារ លោកយាយកំពុងជួបការលំបាក ហើយ លោកយាយ ចង់បានរទេះរុញមួយគ្រឿង សម្រាប់ធ្វើដំណើរ ឬទៅធ្វើបុណ្យទានផងនោះ  ទើបរូបលោក ក៏បានចុះមកជួបផ្ទាល់ជាបន្ទាន់ ហើយបាននាំយករទេះរុញថ្មីមួយគ្រឿង និងគ្រឿងឧបភោគបរិភោគ មានដូចជា៖ អង្ករ មី ទឹកត្រី ទឹកសុីអុីវ ស្កសរ ប៊ីចេង ប្រេងឆារ និងថវិកាចំនួន ០១លានរៀល យកមកប្រគល់ជូនលោកយាយវ័យចំណាស់រូបនេះ ឲ្យទាន់ពេលវេលា។

នាឱកាសនោះ លោកយាយ ម៉ុក ងយ និងកូនប្រុស បានថ្លែងអំណរគុណ ចំពោះទឹកចិត្តសប្បុរសធម៌ របស់លោកឧកញ៉ា ទៀ វិចិត្រ និង និងភរិយា ដែលបានឧបត្ថម្ភ អាហារហូបចុក ថវិកា និងរទេះរុញ ដល់រូបគាត់ នៅពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង