សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២២»

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅសណ្ឋាគារ សុខាភ្នំពេញ។

សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជា» គឺជាវេទិកាដ៏មានសារៈសំខាន់ប្រមូលផ្តុំអ្នកជំនាញ បើកកិច្ចពិភាក្សាលើប្រធានបទនានា ពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច និងសង្គម ដើម្បីជាធាតុចូលសម្រាប់ដោះស្រាយបញ្ហាប្រឈម និងស្វែងរកកាលានុវត្តភាពសម្រាប់ជំរុញដល់ការអភិវឌ្ឍនៅកម្ពុជា។

សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» រៀបចំធ្វើឡើងក្រោមមូលបទ «ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩»។

សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២នេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រហែល ៤០០នាក់ មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា ស្ថានទូតបរទេស តំណាងបេសកកម្មការទូតបរទេសនានា ប្រចាំកម្ពុជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំ វិទ្យាស្ថានសិក្សាស្រាវជ្រាវ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិនៅប្រទេសកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន ពិតជាមានក្តីរីករាយ ដែលបានអញ្ជើញចូលរួមបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២២នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ក្រុមហ៊ុន ជី ហ្គៀ គ្រុប (G Gear Group) ក្រុមហ៊ុន ជីប ម៉ុង គ្រុប (Chip Mong Group) និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី ដែលបានផ្តួចផ្តើមរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ដើម្បីតម្រង់ទិសដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្រចតុកោណចំនួន ៤ ដំណាក់កាល រួចមកហើយ ។ នៅក្នុងគ្រប់ដំណាក់កាលនីមួយៗ រាជរដ្ឋាភិបាលតែងកំណត់ « មនុស្ស » ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំង ៤ គឺ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស ។ ជាពិសេសចាប់ពីដំណាក់កាលទី ៣ មក រាជរដ្ឋាភិបាលបានកំណត់ «មនុស្ស» ជាវិស័យអាទិភាព ចម្បងបំផុត ដោយផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ការបង្កើតការងារ និងការកាត់បន្ថយភាព ក្រីក្រ ។ ជាក់ស្តែង កម្ពុជាបានបង្កើតការងារជូនប្រជាជនរាប់ លាននាក់ ជាពិសេសក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង វិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលបានចូលរួមកាត់បន្ថយភាពក្រីក្រគួរឱ្យកត់សម្គាល់ពីអត្រា ៥៣,២% ក្នុងឆ្នាំ ២០០៤ មកត្រឹមអត្រា ១៧,៨% ប៉ុណ្ណោះក្នុងឆ្នាំ ២០២០ ។ ជាមួយគ្នានេះ ក្នុងរយៈពេលជាង ២ ទសវត្សរ៍ចុងក្រោយមុន ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ កម្ពុជាសម្រេចបានអត្រាកំណើនជាង ៧% ក្នុងមួយឆ្នាំ ដែលការណ៍នេះបានធ្វើឱ្យកម្ពុជា ផ្លាស់ប្តូរឋានៈពីប្រទេសមានការអភិវឌ្ឍតិចតួចទៅ ជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ ២០១៥។

ជាមួយសមិទ្ធផលដ៏ត្រចះត្រចង់នេះ រាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសដែល មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនាអំឡុងពេលដែលជំងឺកូវីដ-១៩ បាននិងកំពុងរាលដាលនេះ ដំណើរឆ្ពោះទៅរកការសម្រេចបាន នូវចក្ខុវិស័យទាំងនេះអាចជួបប្រទះនឹងការរាំងស្ទះ។ ជាការពិត នៅក្នុងឆ្នាំ២០២០ ជំងឺដ៏កាចសាហាវនេះ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនអវិជ្ជមានក្នុងអត្រា -៣,១% ដែល ជាកំណើនអវិជ្ជមានលើកដំបូងក្នុងរយៈពេលជាង ២ ទសវត្សរ៍ ចុងក្រោយនេះ។

ជាការឆ្លើយតប បន្ថែមពីលើវិធានការសុខាភិបាល រាជរដ្ឋាភិបាល បានដាក់ចេញ នូវវិធានការអន្តរាគមន៍ផ្នែកសង្គម-សេដ្ឋកិច្ចជាបន្តបន្ទាប់ ដើម្បីរក្សាលំនឹងជីវភាព របស់ កម្មករ-និយោជិត ក៏ដូចជាគ្រួសារក្រីក្រនិងងាយរងគ្រោះ។

ទន្ទឹមនេះ រាជរដ្ឋាភិបាល បានកៀរគរកម្លាំងសរុប របស់ជាតិ ដើម្បីបើកយុទ្ធនាការជាតិចាក់វ៉ាក់សាំង និងបង្កើតបានភាពស៊ាំសហគមន៍ដ៏រឹងមាំមួយទូទាំងប្រទេស។

សមិទ្ធផលនេះ បានអនុញ្ញាតឱ្យកម្ពុជាបើកប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យតាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រកបដោយសុវត្ថិភាពរហូតមកដល់ថ្ងៃនេះ និងបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញជាបណ្តើរៗ ប្រកបដោយភាពធន់ និងរឹងមាំ។

ថ្វីត្បិតតែជំងឺកូវីដ-១៩ បានថមថយ បញ្ហាប្រឈមផ្សេងទៀតក៏បាន និងកំពុងកើតមានឡើងជាបន្តបន្ទាប់ ដូចជា៖ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និង សម្ពាធអតិផរណា បូករួមទាំងការប្រែប្រួលអាកាសធាតុ និង គ្រោះធម្មជាតិ ដែលបាននិងកំពុងដាក់សម្ពាធបន្ថែមមកលើអាយុជីវិត និងជីវភាព របស់ប្រជាជនយើង ជាពិសេសប្រជា-ជនក្រីក្រ និងងាយរងគ្រោះ។

កម្ពុជា ត្រូវបានចាត់ទុកថា ជាប្រទេសឈានមុខមួយ ដែលបានគ្រប់គ្រង និងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ បាន យ៉ាងល្អប្រសើរ ។ ក្នុងបរិការណ៍ ដែលប្រទេសជាច្រើននៅ ជុំវិញពិភពលោកនៅបន្តជួបប្រទះនឹងការឆ្លងរាលដាលនៅឡើយ រាជរដ្ឋាភិបាល បាននិងកំពុងព្យាយាមប្រែក្លាយវិបត្តិ ឱ្យទៅជាកាលានុវត្តភាព តាមរយៈការពន្លឿនការកែទម្រង់ស៊ីជម្រៅ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងភាព ប្រកួតប្រជែង របស់កម្ពុជា។ ក្នុងនោះ កាលពីខែតុលា ឆ្នាំ២០២១ កម្ពុជា បានដាក់ចេញនូវច្បាប់ស្តីពីវិនិយោគ នៃ ព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់វិនិយោគថ្មីដោយមាន ការកំណត់នូវការផ្តល់ការលើកទឹកចិត្ត និងការការពារដល់វិនិយោគិនជាក់លាក់ និងច្បាស់លាស់ ក្នុងបំណងបង្កើនការទាក់ទាញការវិនិយោគសម្រាប់កម្ពុជា។

បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញ និងកំពុងជំរុញការអនុវត្ត ឯកសារគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសំខាន់ៗ ដូចជា៖ វិស័យកាត់ដេរ យានយន្ត អេឡិចត្រូនិក កសិកម្ម ទេសចរណ៍ ប្រៃសណីយ៍ និងប្រសិទ្ធភាពថាមពល ជាដើម។

ដើម្បីជាធាតុចូលបន្ថែមដល់សន្និសីទនាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវការគិតគូរ និងទិសដៅ របស់រាជរដ្ឋាភិបាល ដូចខាងក្រោម៖

១- បន្ថែមពីលើការចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលនឹង ជំរុញ ការវិនិយោគលើវិស័យសុខាភិបាល ដើម្បីរៀបចំប្រព័ន្ធសុខាភិបាលមួយដ៏រឹងមាំ ដែលអាច ជួយ និងការពារប្រជាជនពីជំងឺកូវីដ-១៩ ក៏ដូចជាជំងឺរាតត្បាតផ្សេងទៀត ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។

២- ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺជាការវិនិយោគ លើប្រជាជន និងការផ្តល់សន្តិសុខសេដ្ឋកិច្ចជូន ប្រជាជន ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនឹងបន្តពង្រឹងប្រព័ន្ធជំនួយសង្គម និងសន្តិសុខសង្គម និងពង្រីកវិសាលភាព គ្របដណ្តប់ឱ្យកាន់តែចំទិសដៅ ជាពិសេសតាមរយៈការជំរុញ និងលើក ទឹកចិត្តឱ្យប្រជាជន ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ ដើម្បីទទួលបានកិច្ចគាំពារផ្សេងៗ។

៣- ការអភិវឌ្ឍធនធានមនុស្ស ទាំងចំណេះនិងជំនាញ គឺជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការ លើកកម្ពស់ផលិតភាពសេដ្ឋកិច្ច និងការផ្លាស់ប្តូរ រចនាសម្ព័ន្ធសេដ្ឋកិច្ច ពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្លាំងពលកម្ម ដែលមានជំនាញទាបឱ្យទៅជាសេដ្ឋកិច្ច ដែលពឹងផ្អែកលើជំនាញ និង បច្ចេកវិទ្យា។

៤- ថ្វីត្បិតតែសេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកខ្លាំងលើការ វិនិយោគផ្ទាល់ពីបរទេស និងការនាំចេញសហ- គ្រាសធុនតូចនិងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដែលចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើត មុខរបរ និងការងារជូនដល់ប្រជាជនកម្ពុជា ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកំណត់យកការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាអាទិភាព ចម្បងមួយ តាមរយៈការផ្តល់ការគាំទ្រផ្នែក-បច្ចេកទេសនិងហិរញ្ញវត្ថុ ការកែសម្រួលបរិយាកាស ធុរកិច្ច និងការលើកទឹកចិត្តឱ្យមានការចូលរួម ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធជាដើម។

៥- បច្ចេកវិទ្យាឌីជីថល បានបោះជំហានយ៉ាងលឿន ហើយបានក្លាយជាកាតាលីករក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ មិនថា ស្ថិតក្នុងកម្រិតអភិវឌ្ឍន៍បែបណានោះឡើយ បច្ចេកវិទ្យាឌីជីថល អាចមានសក្តានុពលខ្ពស់ និងទូលំទូលាយក្នុងការផ្តល់លទ្ធភាពឱ្យបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ ឬកំពុងអភិវឌ្ឍ អាចចាប់យកបច្ចេកវិទ្យាថ្មីៗ និងលោតផ្លោះពីឧស្សាហកម្មប្រពៃណីទៅឧស្សាហកម្មទំនើបបានក្នុងរយៈពេលដ៏ខ្លី។ ដូចនេះ កម្ពុជាត្រូវចាប់យកឱ្យបាន នូវកាលានុវត្តភាពដ៏ធំធេងនេះ តាមរយៈការជំរុញការអនុវត្តឱ្យបានល្អប្រសើរនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ » « គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ – ២០៣៥ » និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត។

៦- ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់ទៅនឹងអាកាសធាតុ ក៏ជាផ្នែកមួយចាំបាច់សម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការគាំទ្រ ការពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញការធ្វើអន្តរ-កាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យា-បៃតងជាដើម។

៧- កិច្ចការងារធំៗទាំងអស់នេះ ត្រូវការធនធានហិរញ្ញវត្ថុ ទាំងពីវិស័យឯកជន និង វិស័យសាធារណៈ ។ ឈរលើស្មារតីនេះ ការបន្តពង្រឹងស្ថិរភាព ពិពិធកម្មវិស័យហិរញ្ញវត្ថុ ក៏ដូចជាការអភិវឌ្ឍវិស័យហិរញ្ញវត្ថុទាំងមូលប្រកប- ដោយភាពធន់ និងបរិយាបន្ន ដោយមានការចូលរួមពីវិស័យឯកជន គឺពិតជាមានសារៈ-សំខាន់។

ជាមួយគ្នានេះដែរ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបាន ទទួលលទ្ធផលល្អប្រសើរ ដែលបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលបង្ហូរថវិកាកាន់តែច្រើនទៅកាន់វិស័យអាទិភាព បង្កើននូវធនធានវិនិយោគសាធារណៈ អាចសន្សំ លើកស្ទួយឯករាជ្យភាពផ្នែកថវិកា របស់កម្ពុជា និងអនុវត្តគោលនយោបាយ និងវិធានការអន្តរាគមន៍ទាំងឡាយ ដើម្បីជួយប្រជាជន និងវិស័យឯកជនដែលបាននិងកំពុងបន្តទទួលរងនូវផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។ ក្នុងន័យនេះ ការអនុវត្តដោយជោគជ័យ នូវ គោលដៅធំៗរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា នាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង