លោក ជា សុផារ៉ា ថា៖ មិនមានការរុះរើលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ៦ភូមិ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រីទេ

ខេត្តសៀមរាប ៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ថា មិនមានការរុះរើលំនៅដ្ឋាន របស់ប្រជាពលរដ្ឋចំនួន ៦ភូមិ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រីទេ ក្នុងពេលរដ្ឋាភិបាល កំពុងរៀបចំការពារតំបន់បេតិកភណ្ឌនេះទេ។

លោក ជា សុផារ៉ា ដែលជាប្រធានក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បន្តថាមិនមានការតម្រូវឱ្យប្រជាពលរដ្ឋចំនួន ៦ភូមិនៅក្នុងឃុំព្រះដាក់ នៃស្រុកបន្ទាយស្រី ដែលកំពុងរស់នៅក្នុងតំបន់បារាយណ៍ខាងកើត របស់អតីតក្រុងអង្គរនោះរុះរើលំនៅដ្ឋានចាកចេញទេ។

ការថ្លែងបញ្ជាក់ របស់លោក ជា សុផារ៉ា បែបនេះ បានកើតឡើងនៅពេលរូបលោក និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ វិចិត្រសិល្បៈ និងជាអនុប្រធានក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា បានចុះទៅជួប និងពន្យល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ រស់នៅក្នុងឃុំព្រះដាក់ ដែលកំពុងតែមានការព្រួយបារម្ភ ខ្លាចក្រែងមានការបញ្ជារឱ្យពួកគេរុះរើលំនៅដ្ឋាន ដែលធ្លាប់រស់នៅតជំនាន់ជាយូរមកហើយ ដោយប្ដូរឱ្យទៅកន្លែងផ្សេងវិញនោះ។

លោក ជា សុផារ៉ា បានថ្លែងបញ្ជាក់ថា លោកសូមឱ្យប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងឃុំព្រះដាក់ទាំងអស់ កុំមានការព្រួយបារម្ភ ពីព្រោះរដ្ឋាភិបាលគ្មានគោលការណ៍ ឱ្យប្រជាពលរដ្ឋរុះរើលំនៅដ្ឋាន ចាកចេញទៅរស់នៅកន្លែងផ្សេងដូចក្រុមប្រជាពលរដ្ឋជាង ៦០០០គ្រួសារ ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ហើយទៅរស់នៅតំបន់ថ្មីឯ ភូមិរុនតាឯកនោះឡើយ។

ទីតាំងរបស់ឃុំព្រះដាក់ បច្ចុប្បន្នគឺជាតំបន់បារាយណ៍ខាងកើត របស់អតីតក្រុងអង្គរ ដែលស្ដុកទឹកប្រមាណ ៣០លានម៉ែត្រគូប សម្រាប់ផ្សើមដី ដើម្បីជួយគ្រឹះអង្គរឱ្យរឹងមាំផងនិងស្ដុកទឹកសម្រាប់ប្រើប្រាស់សម្រាប់ក្រុងអង្គរ កាលពីសម័យបុរាណផង។

សព្វថ្ងៃនេះនៅក្នុងឃុំព្រះដាក់ គឺមានប្រជាពលរដ្ឋរស់នៅចំនួន៦ភូមិ ដូចជា៖ ភូមិព្រះដាក់ ភូមិតាត្រៃ ភូមិថ្នល់បណ្ដោយភូមិថ្នល់ទទឹង ភូមិតាកុស និងភូមិអូរទទឹង។

តាំងតែពី៣ថ្ងៃមុនរហូតមកដល់ពេលនេះ ក្រុមអ្នកភូមិច្រើនពាន់នាក់ បាននាំគ្នាលើកបដាតវ៉ា មិនព្រមចាកចេញពីភូមិ ដែលពួកគេធ្លាប់រសនៅជាយូរមកហើយនោះទេ។

ដើម្បីឆ្លើយតបការព្រួយបារម្ភ របស់ប្រជាពលរដ្ឋនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលមិនមានគំរោងឱ្យប្រជាពលរដ្ឋ ដែលកំពុងរស់ក្នុងឃុំព្រះដាក់ទាំងអស់រុះរើលំនៅចាកចេញ ដើម្បីយកទីតាំងនោះ ដើម្បីរៀបចំបារាយណ៍ឡើងវិញឡើយ។

លោក ជា សុផារ៉ា បានបញ្ជាក់ថាចំពោះ បារាយណ៍ខាងកើត ដែលត្រូវរៀបចំឡើងវិញឱ្យដូចកាលពីសម័យអង្គរនោះ គឺក្រុមការងារនិងសិក្សាទៅតាមភាពជាក់ស្ដែង តែកន្លែង ដែលត្រូវស្ដុកទឹកប៉ុណ្ណោះ គឺមិនតម្រូវឱ្យប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ រុះរើលំនៅដ្ឋានចាកចេញទេ។ លោកបន្តថា នៅក្នុងចំណោមប្រជាពលរដ្ឋទាំង ៦ភូមិ ដែលរស់នៅក្នុងឃុំព្រះដាក់នោះ គឺមានផ្ទះប្រហែលជា ២០ខ្នង កំពុងរស់នៅក្នុងបាតបារាយណ៍ ដែលក្រុមការងារនឹងសម្របសម្រួលជាមួយគ្រួសារប៉ះពាល់ទាំងនោះ ថាតើគួរប្ដូរទីតាំងមករស់នៅលើគោកវិញ ឬក៏យ៉ាងណា ប្រសិនបើមានដីផ្សេង?។

ថ្វីត្បិតតែរដ្ឋាភិបាល និងក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មិនតម្រូវឱ្យប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅ ក្នុងឃុំព្រះដាក់មិនរុះរើលំនៅដ្ឋានចាកចេញ ពីតំបន់ការពារបេតិកភណ្ឌទៅរស់នៅតំបន់ផ្សេងក៏ដោយ ក៏ក្រុមការងារមានលក្ខណ្ឌមួយចំនួន តម្រូវឱ្យប្រជាពលរដ្ឋទាំងនោះ រួមគ្នាជួយការពារតំបន់បេតិកភណ្ឌផងដែរ។

លក្ខណ្ឌទាំងនោះ មានដូចជា ៖ សូមឱ្យប្រជាពលរដ្ឋជួយទប់ស្កាត់អ្នកចំណូលថ្មីកុំឱ្យមករស់នៅក្នុងឃុំព្រះដាក់ កុំឱ្យមានសំណង់ថ្មីនៅលើទឹកដីចាស់ សូមកុំពុះជ្រៀកដីដែលនៅក្បែរប្រាសាទបុរាណ ចែកទៅឱ្យកូនៗធ្វើជាកម្មសិទ្ធ និងសូមកុំឱ្យប្រជាពលរដ្ឋលក់ដូរដីធ្លី របស់ខ្លួន ទៅឱ្យអ្នកមកពីចម្ងាយជាដើម៕

អត្ថបទដែលជាប់ទាក់ទង