លោក សែម បូរ៉ា បន្តសំណូមពរសម្តេច ស ខេង ជាពិសេស សម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ លើករណីមន្ត្រីនគរបាលខេត្តកំពង់ចាម ចាប់រូបលោកដាក់គុកទាំងគ្មានកំហុស

ខេត្តកំពង់ចាម ៖ អគ្គនាយកទូរទស្សន៍អនឡាញ TNM គឺលោក សែម បូរ៉ា បានបន្តសំណូមពរដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយរកយុត្តិធម៌ជូនរូបលោក ដោយអនុគ្រោះផង ករណីមន្ត្រីនគរបាលខេត្តកំពង់ចាម ចាប់រូបលោក ដាក់វាយខ្នោះ នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ហើយបញ្ជូនទៅដាក់ពន្ធនាគាររយៈពេល ៦ថ្ងៃ ទាំងរូបលោកគ្មានកំហុស អ្វីសោះ។

ក្រោយកើតរឿងប្ដឹងផ្ដល់ករណីចាប់ខ្លួន លោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញ TNM ដាក់ពន្ធនាគារ ទាំងគ្មានកំហុស លោក ឯម កុសល ស្នងការខេត្តកំពង់ចាម បានទទួលស្គាល់កំហុស របស់មន្ត្រីក្រោមឱវាទ ដោយធ្វើរបាយការណ៍ខុសពីការពិត ដោយសរសេរច្រឡំថា “ជាបទល្មើសជាក់ស្ដែង” ក្នុងការឃាត់ខ្លួន លោក សែម បូរ៉ា ចោទប្រកាន់ពីបទ ”ឆបោកប្រាក់”។

លោក ឯម កុសល ស្នងការខេត្តកំពង់ចាម បានទទួលស្គាល់កំហុសបែបនេះ ធ្វើឡើងនៅក្នុងលិខិតបំភ្លឺជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ដែលជាការឆ្លើយតប តាមបណ្ដឹងជាលើកទី២ របស់លោក សែម បូរ៉ា បន្ទាប់ពីតុលាការទាំង ៣ថ្នាក់ បានសម្រេចទម្លាក់បទចោទលើរូប លោក សែម បូរ៉ា ព្រោះគ្មានបទល្មើស..។

ទោះជា មន្ត្រីនគរបាលមួយចំនួន បានប្រព្រឹត្តបទល្មើស ចាប់មនុស្សដាក់គុក ទាំងគ្មានកំហុសបែបនេះក្ដី ក៏ប៉ុន្តែក្រុមមន្ត្រីទាំងនោះ គ្មាននរណាម្នាក់ ត្រូវបានទទួលទោស ដាក់វិន័យ ឬដកហូតតួនាទីឡើយ..។
ស្របពេលដែលជនរងគ្រោះ (សែម បូរ៉ា) ប្ដឹងយ៉ាងទទូច សុំឱ្យចាត់វិធានការផ្លូវច្បាប់ លើមន្ត្រីនគរបាលយុត្តិធម៌ ខេត្តកំពង់ចាម ដែលចាប់ខ្លួនដាក់គុក ទាំងគ្មានបទល្មើស។ ហើយបច្ចុប្បន្ននេះ មន្ត្រីនគរបាលដែលធ្វើរបាយការណ៍ចាប់មនុស្សខុសទាំងនោះ  កំពុងកាន់តួនាទីសំខាន់ៗ នៅក្នុងខេត្តកំពង់ចាម រហូតមកដល់ពេលនេះ។

ជុំវិញបញ្ហានេះ លោក សែម បូរ៉ា អគ្គនាយកទូរទស្សន៍អនឡាញ TNM មានប្រសាសន៍ថា  រូបលោក ត្រូវបាននគរបាលខេត្តកំពង់ចាម ចាប់វាយខ្នោះ នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ដោយពេលនោះ លោកបានជាប់ពន្ធនាគាររយៈពេល ៦ថ្ងៃ ផងដែរ។

លោក សែម បូរ៉ា បន្តថា ក្នុងរឿងរ៉ាវមួយនេះ ដើមចមដំបូងឈ្មោះ ទេព ភារម្យ បានទិញដីពលរដ្ឋចំនួន ៨គ្រួសារ នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ តាមរយៈរូបលោក ដោយបានផ្ដល់ប្រាក់កក់ មួយចំនួនដល់ពលរដ្ឋផងដែរ។ ប៉ុន្តែចុងក្រោយឈ្មោះ ទេព ភារម្យ មិនមានលទ្ធភាពប្រគល់ប្រាក់បង្គ្រប់ដល់ពលរដ្ឋ តាមការបរិច្ឆេទទេ។
ជាហេតុនាំឱ្យ ប្រជាពលរដ្ឋជាម្ចាស់ដី ប្ដឹងទៅអាជ្ញាធរសុំ ”មោឃៈ” រាល់លិខិតកក់ប្រាក់ និងលិខិតទិញលក់ដី រវាងពលរដ្ឋជាមួយបុគ្គល ទេព ភារម្យ ដើម្បីលក់បន្តឱ្យអ្នកថ្មី។ កត្តាទាំងនេះហើយ បណ្ដាលឱ្យបុគ្គល ទេព ភារម្យ ខាតប្រាក់កក់ជាង ១០ម៉ឺនដុល្លារ ក៏កើតរឿងក្ដៅក្រហាយ..។

តាមលោក សែម បូរ៉ា បុគ្គល ឈ្មោះ ទេព ភារម្យ និងមន្ត្រីនគរបាលមួយចំនួន នៅខេត្តកំពង់ចាម បានត្រូវរ៉ូវគ្នាជាប្រព័ន្ធ រៀបចំគម្រោងប្ដឹងចាប់រូបលោក ដាក់គុក ដោយចោទពីបទ ”ឆបោកលុយជាង ១០ម៉ឺនដុល្លារ”។

លោក សែម បូរ៉ា បញ្ជាក់បន្ថែមថា បន្ទាប់ពីមន្ត្រីពាក់ព័ន្ធទាំងនោះ ចាប់រូបលោកដាក់គុករួច  ទើបក្រោយមកតុលាការទាំង ៣ថ្នាក់  បានរកឃើញថា (នេះជាករណីទំនាស់ទិញលក់ដី រវាងពលរដ្ឋ ៨គ្រួសារ និងបុគ្គល ទេព ភារម្យ)។

ចំណែករូបលោក គ្រាន់តែជាអ្នកគួកជេរដី រៀបដីប៉ុណ្ណោះ មិនមានបទល្មើសឡើយ ”ឆបោក” ដូចការចោទប្រកាន់ឡើយ។

ក្រោយជាប់គុក ៦ថ្ងៃ ទាំងមិនមានកំហុសបែបនេះ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ លោក សែម បូរ៉ា បានប្ដឹងលោក ឯម កុសល ស្នងការខេត្តកំពង់ចាម, លោក ថាញ់ សុខវុន ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្តកំពង់ចាម រួមនិងមន្ត្រីនគរបាលចំនួន ៤រូបទៀត ទៅក្រសួងមហាផ្ទៃ ពាក់ព័ន្ធការប្រើអំណាចតួនាទី ធ្វើកំណត់ហេតុផ្ទុយពីការពិត និងធ្វើរបាយការណ៍ភូតកុហក់ ដើម្បីសុំគោលការចាប់រូបលោក ដាក់គុកទាំងគ្មានកំហុស។ ប៉ុន្តែលោកថា បណ្ដឹង របស់លោកនោះ ហាក់មិនមានប្រសិទ្ធភាពទេ ខណៈមិនមានការឆ្លើយតបពី ក្រសួងមហាផ្ទៃ និងគ្មានចំណាត់ការលើលោក ឯម កុសល រួមនិងមន្ត្រីពាក់ព័ន្ធសោះឡើយ..។

ដោយមានការឈឺបែបនេះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លោក សែម បូរ៉ា បញ្ជាក់ថា រូបលោក ក៏បានប្ដឹងទៅក្រសួងមហាផ្ទៃ ម្ដងទៀត ដើម្បីសុំកិច្ចអន្តរាគមន៍ និងចំណាត់ការលើបណ្ដឹង របស់ខ្លួន..។ ហើយក្រសួងមហាផ្ទៃ បានបង្វែរបណ្ដឹងនេះ ឱ្យទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ជាអ្នកចាត់វិធានការដោះស្រាយ.. ។

ជាការឆ្លើយតប លោក ឯម កុសល ស្នងការខេត្តកំពង់ចាម អមដោយហត្ថលេខា លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបំភ្លឺជូន សម្ដេចក្រឡាហោម ស ខេង ថា (ការចាប់ខ្លួនលោក សែម បូរ៉ា គឺអនុវត្តតាមបទបញ្ជាលោក គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម និងតាមការបង្គាប់បញ្ជាពី លោក ហួត វុទ្ធី អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។ ក្នុងនោះ លោក ឯម កុសល បានទទួលស្គាល់ថា មន្ត្រីនគរបាលយុត្តិធម៌ ក្រោមឱវាទរបស់លោក ពិតជាបានធ្វើរបាយការណ៍ សរសេរច្រឡំថា ”ជាបទល្មើសជាក់ស្ដែង” ទើបបណ្ដាលឱ្យមានការឃាត់ខ្លួន លោក សែម បូរ៉ា ពីបទ ”ឆបោក” ប្រាកដមែន។

លិខិតដែល លោក ឯម កុសល បញ្ជាក់ជូន សម្ដេចក្រឡាហោម ថា «ចំពោះការសរសេររបាយការណ៍ច្រឡំ» លោកនឹងធ្វើការពិនិត្យបន្ថែមទៀត។

ករណីនេះដែរ មិនទាន់មានការឆ្លើយបំភ្លឺបន្ថែមពី លោក ឯម លុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោក ថាញ់ សុខវុន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅឡើយទេ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ។

ទាក់ទិនបញ្ហានេះ លោក ហេង វុទ្ធី ស្នងការរងខេត្តកំពង់ចាម ទទួលបន្ទុកការងារព្រហ្មទណ្ឌ ត្រូវបានគេហទំព័រ “ដើមរាំង” ដកស្រង់សំដីមកចុះផ្សាយថា រាល់នីតិវិធីក្នុងការឃាត់ខ្លួន លោក សែម បូរ៉ា គឺអនុវត្តតាមបញ្ជា របស់លោក ហួត វុទ្ធី អតីតព្រះរាជអាជ្ញាខេត្តកំពង់ចាម។

លោកស្នងការរងបន្តថា នគរបាលយុត្តិធម៌ គ្មានសិទ្ធិឃាត់ខ្លួនមនុស្សទេ គឺព្រះរាជអាជ្ញាអ្នកឃាត់។

ដោយឡែក ចំពោះសំណួរ ដែលសួរថា រឿង (ធ្វើរបាយការណ៍ខុស និងច្រឡំបទល្មើស) លោកស្នងការរង មិនបានបញ្ជាក់ប្រាប់ពីមូលហេតុឡើយ ដោយរុញសំណួរ ឱ្យទៅសួរ លោក ហួត វុទ្ធី អតីតព្រះរាជអាជ្ញាខេត្តកំពង់ចាម..។

ទាក់ទងករណីនេះ ក្រុមអ្នកច្បាប់មួយចំនួន បានលើកឡើងថា រឿងតែមួយ អង្គហេតុតែមួយ លោក ឯម កុសល ស្នងការខេត្តកំពង់ចាម ធ្វើលិខិតបំភ្លឺ ចំនួន ២លើកផ្សេងគ្នា មានន័យខុសគ្នាដាច់ស្រឡះ..។

ទី១- បំភ្លឺទៅអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ថា ករណី ចាប់ខ្លួន លោក សែម បូរ៉ា ពីបទ «ឆបោកប្រាក់»។

ទី២-  បំភ្លឺជូន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ មានខ្លឹមសារថា មកពីធ្វើរបាយការណ៍ខុស សរសេរច្រឡំថា ”ជាបទល្មើសជាក់ស្ដែង”។

យ៉ាងណាក៏ដោយចុះ លោក សែម បូរ៉ា បានបន្តសំណូមពរដល់ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយរកយុត្តិធម៌ជូនរូបលោក ដោយអនុគ្រោះផងចុះ ជុំវិញករណីខាងលើនេះ..៕ ប្រភព ៖ ដើមរាំង

អត្ថបទដែលជាប់ទាក់ទង