ស្ពានថ្មីនៅប្រាសាទនាគព័ន្ធ បានបើកឱ្យដំណើរការ ហើយភ្ញៀវទេសចរបង្ហាញអារម្មណ៍សប្បាយរីករាយ

ខេត្តសៀមរាប ៖ ស្ពានថ្មីនៅប្រាសាទនាគព័ន្ធ បានចាប់ផ្តើមបើកឱ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ ចូលទៅទស្សនាប្រាសាទនាគព័ន្ធ ជាពិសេសទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត នៅលើផ្ទៃទឹក នៃបារាយណ៍ជ័យតដាក ឬនាគព័ន្ធ (បារាយណ៍ខាងជើង)។

ប្រជាពលរដ្ឋ ដែលបាននាំក្រុមគ្រួសារ ចូលមកទស្សនាប្រាសាទនាគព័ន្ធ ឲ្យដឹងថា នៅពេលបានធ្វើដំណើរឆ្លងកាត់លើស្ពានថ្មីនេះ ពិតជាមិនខកបំណងឡើយ ព្រោះមានទេសភាពស្រស់ស្អាត ផ្ទៃទឹកខៀវស្រងាត់ ហើយមានសត្វស្លាបហោះហើរឆ្លងកាត់គួរជាទីគយគន់។

ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលបានយកចិត្តទុកដាក់ក្នុងការស្ថាបនាស្ពានថ្មីនេះ ក៏ដូចជាការអភិវឌ្ឍរមណីយដ្ឋានអង្គរ ឱ្យកាន់តែមានភាពស្រស់ស្អាត សាកសមជាសម្បត្តិបេតិកភណ្ឌពិភពលោក។

គួររំឭកថា បារាយណ៍ជ័យតដាក ឬនាគព័ន្ធ (បារាយណ៍ខាងជើង) ស្ថាបនាឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ អស់រយ:កាលជិតមួយពាន់ឆ្នាំមកហើយ បារាយណ៍នេះ មានបណ្តោយ ៣៦០០ម៉ែត្រ និងទទឹង ៩៣០ម៉ែត្រ។

ដោយសារភាពរីងស្ងួតអស់កាលជាយូរឆ្នាំមកហើយ នៅក្នុងឆ្នាំ២០០៥ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការងារជួសជុលប្រព័ន្ធធារាសាស្ត្របុរាណឡើងវិញ មានទំនប់ និងប្រឡាយបង្ហូរទឹក ដើម្បីអាចរក្សាទឹកក្នុងបារាយណ៍បាន ហើយនៅក្នុងឆ្នាំ២០០៧ អាជ្ញាធរជាតិអប្សរា ក៏បានបង្ហូរទឹកចូលមក ធ្វើឱ្យបារាយណ៍ជ័យតដាក មានជីវិតសារជាថ្មីម្តងទៀត។

បច្ចុប្បន្នបារាយណ៍នេះ បានដើរតួយ៉ាងសំខាន់ ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម និងដល់មនុស្ស ក្នុងរាជធានីអង្គរធំ នាគព័ន្ធ និងនៅប្រាសាទព្រខ័ន្ធ៕ ប្រភព ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

អត្ថបទដែលជាប់ទាក់ទង