ឧកញ៉ា ទៀ វិចិត្រ សោកស្តាយ ដែលមិនអាចជួយសង្គ្រោះជីវិត បុរសអ្នកនេសាទម្នាក់ បញ្ជូនមកពេទ្យមិនទាន់

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានសម្តែងការសោកស្តាយ ក្រោយពីជួយសង្គ្រោះជីវិតបុរសម្នាក់ ជាអ្នកនេសាទ នៅក្រុងកោះរ៉ុង មិនទទួលជោគជយ័យ ដែលបច្ចុប្បន្នបានទទួលមរណភាពទៅហើយ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា នៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ លោកឧកញ៉ា បន្ទាប់ពីទទួលបានព័ត៌មានថា មានបុរសម្នាក់ជាអ្នកនេសាទ មានជំងឺធ្ងន់ធ្ងរ ត្រូវការបញ្ជូនយកមកសង្គ្រោះ នៅមន្ទីរពេទ្យ លោកឧកញ៉ា ក៏បានបញ្ជូនអូប័រ របស់ក្រុមហ៊ុន GTVC ទាំងយប់ទៅទទួលបុរសជាអ្នកជំងឺ រូបនោះ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ប៉ុន្តែពេលមកដល់មន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ ពេទ្យបានពិនិត្យហើយបញ្ជាក់ថា ជនរងគ្រោះបានផុតដង្ហើម មុនពេលបញ្ជូនមកដល់ពេទ្យបន្តិចហើយ។

ជនរងគ្រោះមានឈ្នោះ សុឹម សុផាត ភេទប្រុស អាយុ ៤៥ឆ្នាំ មានមុខរបរ ជាអ្នកនេសាទ រស់នៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ជាមួយគ្នានេះ ដោយមើលឃើញពីការលំបាក របស់គ្រួសារនៃសព លោកឧកញ៉ា ក៏បានចាត់ចែងអោយក្រុមការងារនាំយករថយន្តសង្គ្រោះរបស់ក្រុមហ៊ុន GTVC ដឹកសពជនរងគ្រោះ ទៅធ្វើបុណ្យនៅស្រុកកំណើត ឯខេត្តព្រៃវែង ហើយ លោកឧកញ៉ា ក៏បានចូលរួមបុណ្យសព នូវថវិកា ចំនួន ១លានរៀល ជាមួយនឹងការសោកស្តាយ ដែលមិនអាចជួយសង្គ្រោះបាន។

ក្រៅពីនេះ លោក ហេង គីមស៊រ អគ្គនាយករង ក្រុមហ៊ុន GTVC ក៏បានចូលរួមបុណ្យសព របស់ជនរងគ្រោះ ចំនួន ៤០មុឺនរៀល ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង