នគរបាលខេត្តព្រះសីហនុ ឃាត់ជនជាតិតៃវ៉ាន់២នាក់ ដកហូតអាវុធខ្លី២ដើម និងថ្នាំញៀនមួយចំនួន

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិតៃវ៉ាន់ ចំនួន ០២នាក់ ដោយដកហូតអាវុធខ្លីចំនួន ២ដើម និងម្សៅថ្នាំញៀនមួយចំនួនទៀត។

លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា ការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ ទាំង ០២នាក់ខាងលើនេះ គឺធ្វើឡើងក្រោយពីមានករណីផ្ទុះអាវុធច្រើនគ្រាប់ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នៅក្បែរអាគារក្រុមហ៊ុនមួយកន្លែង មានទីតាំងនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

លោកបន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម គឺប្រមាណជាង ០២ម៉ោងក្រោយមក កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុ បានចុះស្រាវជ្រាវ រហូតឈានដល់ចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ហើយបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖
– អាវុធខ្លីចំនួន ០២ដើម គឺ ម៉ាក Glock 43 ពណ៌ខ្មៅ លេខៈ BTMB677 ,បង់ចំនួន ០២ គ្មានគ្រាប់ និងម៉ាក Glock 19 ពណ៌ប្រផេះ លេខៈ AFPC642 ,បង់ចំនួន ០២ មាន ១២គ្រាប់ (9mm)
– គ្រាប់កាំភ្លើងប្រភេទ 9mm ចំនួន ២៩គ្រាប់
– ខ្នោះដៃ ០២គូរ
– ម្សៅក្រាម ០៣កញ្ចប់តូច (សង្ស័យជាសារធាតុញៀន)
– ជញ្ជីងផ្លឹង ០១គ្រឿង
– សម្ភារៈផ្សេងៗមួយចំនួនទៀត។

សមត្ថកិច្ច បន្តថា បទល្មើសនេះកម្លាំងជំនាញ នៃការិយាល័យនគរបាលព្រហហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី តាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង