អាជ្ញាធរជាតិអប្សរា បន្តជួសជុលច្រាំងកសិន្ធុអង្គរវត្ត ប៉ែកខាងត្បូង ប្រវែង២៥ម៉ែត្របន្ថែមទៀត

ខេត្តសៀមរាប ៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបន្តគម្រោងជួសជុលច្រាំងកសិន្ធុអង្គរវត្ត ប៉ែកខាងត្បូងស្ពានហាល មានប្រវែងសរុប ២៥ម៉ែត្របន្ថែមទៀត ខណៈស្ថានភាពទីតាំងនេះ មានសភាពទ្រុឌទ្រោម និងបាក់ស្រុតខ្លាំង។

អ្នកស្រី ស៊ឹម ដានី មន្រ្តីបច្ចេកទេសផ្នែកអភិរក្ស និងជួសជុលច្រាំងកសិន្ធុអង្គរវត្ត ប៉ែកខាងត្បូងស្ពានហាល មានប្រសាសន៍ថា ការជួសជុលនេះ គឺជាគម្រោងដំណាក់កាលទី៣ ដែលបានចាប់ផ្តើមពីខែ សីហាមក។

អ្នកស្រី បន្តថា ការងារជួសជុលនេះ គឺផ្តោតលើការពង្រឹងគ្រឹះ និងចំណុចច្រាំងកសិន្ធុ ដែលមានស្ថានភាពបាក់ស្រុតខ្លាំង។

អ្នកស្រី ស៊ឹម ដានី ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ចំពោះការងារជួសជុលខាងលើនេះ គឺបច្ចុប្បន្ន ក្រុមការងារកំពុងរើថ្មរំកិលទៅទីតាំងផ្សេង ដើម្បីងាយស្រួលជួសជុល និងរៀបចំបុកបង្ហាប់ដី ឱ្យមានសភាពរឹងមាំ នៅផ្នែកគ្រឹះ មុននឹងរៀបចំដំឡើងថ្មឡើងវិញ។

ត្រង់ចំណុចនេះ អ្នកជំនាញបានបន្តថា ស្ថានភាពច្រាំងកសិន្ធុនេះ  បច្ចុប្បន្ន មានសភាពស្រុតខ្លាំង ដោយសារបេតុង ដែលប្រើនៅជំនាន់បារាំងនាអំឡុងឆ្នាំ១៩៦២ អស់គុណភាព។ ដូច្នេះ តម្រូវឱ្យរើចេញ និងជំនួសដោយបាយអរដែលជាបច្ចេកទេសបុរាណវិញ៕ អត្ថបទ និងរូបភាព៖ យី សុថា

អត្ថបទដែលជាប់ទាក់ទង