សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង៥ពាន់គ្រួសារ នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នៅព្រឹក​ថ្ងៃអង្គារ ១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២​នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញផ្តល់ស្រូវពូជប្រមាណ ៥១៤,៥០០គីឡូក្រាម ជូនកសិករប្រមាណ ៥,១៤៥គ្រួសារ ដែល​រងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់។
តាមរបាយការណ៍ របស់ លោក ចេង ឡៃ អភិបាលស្ដីទី នៃខេត្តពោធិ៍សាត់ បានឲ្យដឹងថា កន្លងទៅនេះ ខេត្តពោធិ៍សាត់ បានជួបនូវទឹកជំនន់ ដែលបង្កឱ្យប៉ះពាល់ភូមិសាស្រ្ត ៧ក្រុង-ស្រុក​ ហើយបាន​ប៉ះពាល់ប្រជាពលរដ្ឋសរុបចំនួន ១៣,៧៧៥គ្រួសារ ស្មើនឹងចំនួន ៦,៧០៩ខ្នងផ្ទះ។ ជម្លៀសប្រជាជនរយៈពេលខ្លី ទៅកាន់ទីទួលសុវត្ថិភាពចំនួន ១៧៤គ្រួសារ។ ក្នុងនោះ លង់ទឹកស្លាប់ចំនួន ៤នាក់។
ទឹកជំនន់នេះ ក៏បានបង្កឱ្យប៉ះពាល់សាលារៀនចំនួន ២៥កន្លែង មណ្ឌលសុខភាពចំនួន ២កន្លែង, ប៉ះពាល់វត្តអារាម និងវិហារសាសនាចំនួន ១៦កន្លែង, ប៉ះពាល់ផ្លូវកៅស៊ូចំនួន ៣,០៥០ម៉ែត្រ, ប៉ះពាល់ផ្លូវគ្រួសក្រហមចំនួន ៩២,១១៥ម៉ែត្រ, ប៉ះពាល់អណ្តូងទឹកចំនួន ៩៦កន្លែង ស្រះទឹកចំនួន ៦៦កន្លែង និង​បង្គន់ចំនួន ២,៣១១​កន្លែង។
គ្រោះទឹកជំនន់នេះ ក៏បានបង្កឱ្យប៉ះពាល់ដំណាំស្រូវចំនួន ១៩,៥៩៦ហិកតា ខូចខាតស្រូវចំនួន ៩,៣២១ហិកតា។ ក្នុងនោះផ្ទៃដីអាចស្តារឡើងវិញបានចំនួន ៦,៦៦៨ ហិកតា, ប៉ះពាល់ដំណាំកសិ-ឧស្សាហកម្មចំនួន ៣,០៤៧ ហិកតា និងដំណាំរួមផ្សំចំនួន ៣,២០៩ ហិកតា។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយ និងជំនះបញ្ហាដែលកើតមានដោយទឹកជំនន់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរទេសរដ្ឋមន្ត្រី គន់ គីម និងរដ្ឋមន្ត្រីកសិកម្ម ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាទឹកជំនន់ និងការស្តារឡើងវិញនូវការធ្វើស្រែ និងការដាំដុះដំណាំផ្សេងៗ។
នាឱកាសនោះ សម្តេចតេជោ មិនភ្លេចនាំយក នូវព្រះរាជបណ្តាំសាកសួរសុខទុក្ខ របស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ នៅក្នុងខេត្តពោធិ៍សាត់។ សម្តេចតេជោ បានមានប្រសាសន៍ថា បញ្ហានៃការបម្រែបម្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះ បានបង្កើតជាបញ្ហាដ៏ធ្ងន់ធ្ងរ សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់ និងពិភពលោក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះ រួចបញ្ជាក់ទៀតថា ការដោះស្រាយជាស្បៀងនេះ ជាដំណោះស្រាយរយៈពេលខ្លី តែការផ្តល់ស្រូវពូជ​ជូនកសិករជាដំណោះស្រាយ រយៈពេលវែង។
សម្តេចតេជោបានថ្លែងថា ការចែកស្រូវពូជស្រូវនេះ មិនបានបែងចែករវាងដីតូ ឬដីធំនោះទេ គឺចែក១០០គីឡូក្រាម ក្នុងមួយគ្រួសារស្មើៗគ្នាទាំងអស់។ នៅថ្ងៃនេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមក្នុងការដោះស្រាយការលំបាក របស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជាមួយ​រាជរដ្ឋាភិបាល ដែលទាំងអស់នេះជាការវប្បធម៌ នៃការចែករំលែករបស់ខ្មែរយើង។
នៅថ្ងៃនេះផងដែរ សម្តេចតេជោ បានថ្លែងអំណរគុណប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ក៏ដូចជានៅទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះឆ្នោតភ្លូកទឹក ភ្លូកដីនាពេលកន្លងមក ពីព្រោះកន្លងមក អ្នកខេត្តពោធិ៍សាត់ គឺមានអត្រាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ខ្ពស់ជាងគេ។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅចំពោះមុខប្រជាពលរដ្ឋថា នៅថ្ងៃម្សិលមិញកម្ពុជា មិនមានករណីឆ្លងជំងឺកូវីដ-១៩នោះទេ ហើយរយៈពេល ៥ថ្ងៃហើយ ដែលកម្ពុជា មិនមានករណីឆ្លងថ្មីជំងឺកូវីដ-១៩។ នេះជាភាពជោគជ័យមួយ របស់កម្ពុជា ជាពិសេសវិធានការទប់ស្កាត់ ក៏ដូចជាយុទ្ធសាស្ត្រ នៃការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព របស់កម្ពុជា។
ទាក់ទងទៅនឹងបញ្ហានយោបាយ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋ ក្រោកឈរប្រឆាំងជនក្បត់ជាតិ ដែលប្រមាថ​ព្រះមហាក្សត្រខ្មែរ។
សម្តេចតេជោ បានបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះ ជនក្បត់ជាតិ មិនត្រឹមតែជេរសម្ដេចនោះទេ ថែមទាំងជេរប្រមាថដល់ព្រះមហាក្សត្រយើងទៀតផង។​ ដូច្នេះសម្ដេចសូមប្រកាសអំពាវនាវ ឱ្យប្រជាពលរដ្ឋខ្មែរក្រោកឡើងប្រឆាំងជនក្បត់ជាតិ ៣ជំនាន់នេះ មិនត្រូវឱ្យជនក្បត់ជាតិនេះ បំផ្លាញជាតិ បំផ្លាញសាសនា និងព្រះមហាក្សត្រនោះឡើយ។
មុនមុននឹងបញ្ចប់ និងមុននឹងអញ្ជើញធ្វើដំណើរទៅកាន់ខេត្តកំពង់ឆ្នាំង ជាបន្តទៀត​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរត្រឡប់ទៅលំនៅដ្ឋានវិញ ប្រកបដោយសុវត្ថិភាព និងជួបការសេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗគ្នា៕
អត្ថបទដែលជាប់ទាក់ទង