លោក ខៀវ សុភ័គ៖ ពុំមានកងសន្តិសុខអាមេរិក ស្នើសុំសិទ្ធិបាញ់ ពលរដ្ឋ ដែលលើកទូរសព្ទថតក្បួនរថយន្ត របស់ប្រធានាធិបតីអាមេរិក មកកម្ពុជាឡើយ

 

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ឲ្យបណ្តាញផ្សព្វផ្សាយដឹងតាមទូរសព្ទ នៅល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ពុំមានករណីកងសន្តិសុខអាមេរិក ស្នើសុំសិទ្ធិកម្ពុជា បាញ់ប្រសិន បើមានពលរដ្ឋ លើកទូរសព្ទថតសំដៅមកក្បួនរថយន្ត របស់លោកប្រធានាធិបតីអាមេរិក មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នោះឡើយ។
ការបំភ្លឺ របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បែបនេះ បានធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយសារសំឡេង តាមប្រព័ន្ធតេឡេក្រាមថា កងកម្លាំងអាមេរិក បានស្នើសុំសិទ្ធិបាញ់ពី រាជរដ្ឋាភិបាលកម្ពុជា ថាប្រសិនមានពលរដ្ឋធ្វើដំណើរតាមក្បួន ឬជិះវ៉ាក្បួនរថយន្ត របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងគណៈប្រតិភូអាមេរិកដែលធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅកម្ពុជា នោះកងកម្លាំងអាមេរិក នឹងបាញ់ដោយពុំមានការលើកលែងឡើយ។

ជាមួយគ្នានេះ ស្នើសុំសិទ្ធិបាញ់ ប្រសិនពលរដ្ឋហ៊ានលើកទូរសព្ទថត ដោយសង្ស័យថា ជាអាវុធក្នុងអំឡុងក្បួន របស់ប្រធានាធិបតីអាមេរិកមកកម្ពុជា។

ទាក់ទិនបញ្ហានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់ថា «មិនមានព័ត៌មាននេះទេ។ នេះជាព័ត៌មានមិនពិត។ តាមពិតទៅ វាគ្មានអ៊ីចឹងទេ បើរឿងពិតមែនហ្នឹងខ្មែរយើងយល់ព្រមទេ? ជាធម្មតាការងារអ៊ីចេះ (ធានាសុវត្ថិភាពគណៈប្រតិភូអាមេរិក) គេក្តាប់បានអស់ហើយ មុននឹងធ្វើគេដឹងអស់ហើយ គេប្រការមុន»។

ដើម្បីធានាសុវត្ថិភាព គណៈប្រតិភូជាតិ និងអន្តរជាតិ រាជរដ្ឋាភិបាលបានត្រៀមកងកម្លាំងចម្រុះជាង ១ម៉ឺននាក់ នៅចាំល្បាត និងការពារនៅតាមដងផ្លូវ ដែលមានក្បួនរថយន្ត គណៈប្រតិភូ និងនៅបរិវេណសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

គូសបញ្ជាក់ថា លោកប្រធានាធិបតី ចូ បៃឌិន នឹងមកបំពេញទស្សនាកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។

បន្ទាប់មក លោកប្រធានាធិបតីអាមេរិក នឹងបន្តចូលរួមកិច្ចប្រជុំកំពូល G20 ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នៅប្រទេសឥណ្ឌូណេស៊ី៕

អត្ថបទដែលជាប់ទាក់ទង