លោក Biden និង​លោក Xi ជួប​ពិភាក្សា​គ្នា​មុន​កិច្ច​ប្រជុំ​ នៃ​ក្រុម​ប្រទេស G-20 ចូល​មក​ដល់

ឥណ្ឌូនេស៊ី ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden បានចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​ចិន ​លោក Xi Jinping នៅ​ខាង​ក្រៅ​កិច្ចប្រជុំ​កំពូល​ នៃ​ក្រុម​ប្រទេស G-20​ នៅ​កោះ​ Bali ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ មនារមណីយដ្ឋាន NUSA DUA ប្រទេស​ឥណ្ឌូណេស៊ី។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ចន្ទ​ ទី១៤ វិច្ឆិកានេះ​ នៅ​កោះ Bali ប្រទេស​ឥណ្ឌូណេស៊ី​ មុន​ពេល​កិច្ច​ប្រជុំ​ នៃ​ក្រុម​ប្រទេស G-20 ចូល​មក​ដល់​នៅ​ថ្ងៃ​អង្គារ​ ទី១៥ ខែវិច្ឆិកាស្អែកនេះ។

ជំនួបនេះ ស្រប​ពេល​ទំនាក់ទំនង ​រវាង​ប្រទេស​ទាំង​ពីរ​ បាន​ធ្លាក់ចុះ​ទាប​បំផុត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ទាក់ទិន​នឹង​បញ្ហា​កោះ​តៃវ៉ាន់ បញ្ហា​ពាណិជ្ជកម្ម និង​បញ្ហា​ផ្សេងៗ​ទៀត។

នេះ​បើ​យោង​តាម​ សេចក្ដី​រាយការណ៍ ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping​ បាន​ញញឹម​នៅ​ពេល​ចាប់​ដៃ​ស្វាគមន៍​គ្នា​យ៉ាង​កក់ក្ដៅ​នៅ​ពី​មុខ​ដង​ទង់ជាតិ​សហរដ្ឋ​អាមេរិក ​និង​ចិន ​ក្នុង​សាល​ប្រជុំ​ នៃ​សណ្ឋាគារ Mulia នៅ​រមណីយដ្ឋាន Nusa Dua នៃ​កោះ Bali។

នាឱកាសនោះ លោក Biden បាន​និយាយ​ថា៖ «យើង​បាន​ចំណាយ​ពេល​ជា​ច្រើន​ ជាមួយ​គ្នា​កាលពី​អតីតកាល​នៅ​ពេល​យើង​ទាំង​ពីរ​ ធ្វើ​ជា​អនុ​ប្រធានាធិបតី។ [ឥឡូវ​នេះ] វា​អស្ចារ្យ​ណាស់ ​ដែល​បាន​ជួប​លោក​ម្ដង​ទៀត»។

លោក Biden បាន​បន្ថែម​នៅ​ក្នុង​ការ​លើកឡើង​នៅ​ពី​មុខ​ក្រុម​អ្នក​កាសែត​ថា លោក​តាំងចិត្ត​នៅ​ក្នុង​ការ​រក្សា​ខ្សែ​ទំនាក់ទំនង​ឱ្យ​នៅ​បើក​ចំហ​ទាំង​កម្រិត​ផ្ទាល់​ខ្លួន ​និង​ទាំង​កម្រិត​រដ្ឋាភិបាល។

លោក​​បញ្ជាក់​​ថា៖ «ក្នុង​នាម​ជា​មេដឹកនាំ​ នៃ​ប្រទេស​យើង​ទាំង​ពីរ ខ្ញុំ​គិត​ថា យើង​មាន​កាតព្វកិច្ច​រួម​នៅ​ក្នុង​ការ​បង្ហាញ​ថា ប្រទេស​ចិន ​និង​សហរដ្ឋ​អាមេរិក​ អាច​គ្រប់គ្រង​ទស្សនៈ​ផ្ទុយ​គ្នា​ របស់​យើង បង្ការ​ការ​ប្រកួត​ប្រជែង​ មិន​ឱ្យ​ក្លាយទៅជា​ជម្លោះ និង​ស្វែងរក​វិធី​ធ្វើការ​ជាមួយ​គ្នា​ លើ​បញ្ហា​បន្ទាន់​នានា​ នៅ​លើ​សាកលលោក​ ដែល​តម្រូវ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​របស់​យើង​ទៅ​វិញ​ទៅ​មក»។

លោក Biden បាន​លើកឡើង​អំពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ និង​អសន្តិសុខ​ស្បៀង​អាហារ​ ថា​ជា​បញ្ហា​ដែល​ពិភពលោក​រំពឹង​ឱ្យ​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​ចិន​ដោះស្រាយ។

ជាការឆ្លើយតប លោក Xi Jinping បងាន​បញ្ជាក់ប្រាប់ទៅ​​លោក Biden វិញ​ថា ទំនាក់ទំនង ​រវាង​ប្រទេស​ចិន ​និង​សហរដ្ឋ​អាមេរិក​ នៅ​ពេល​ឥឡូវ​នេះ​ មិន​ដូច​ការ​រំពឹង​ទុក ​របស់​ពិភពលោក​នោះ​ទេ។

លោក Xi បញ្ជាក់ទៀតថា៖ «ដូច្នេះ​យើង​ចាំបាច់​ ត្រូវ​ត្រួសត្រាយ​ផ្លូវ​ត្រឹមត្រូវ​ សម្រាប់​ទំនាក់ទំនង ​រវាង​ប្រទេស​ចិន​ និង​សហរដ្ឋ​អាមេរិក។ យើង​ចាំបាច់​ត្រូវ​ស្វែងរក​ទិសដៅ​ត្រឹមត្រូវ​ឆ្ពោះ​ទៅ​មុខ​ សម្រាប់​ទំនាក់ទំនង​ទ្វេ​ភាគី​និង​លើក​កម្ពស់​ទំនាក់ទំនង​នេះ»។

លោក Xi បាន​បន្ត​ថា៖ «ពិភពលោក​រំពឹង​ថា ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក ​នឹង​ចាត់ចែង​ទំនាក់ទំនង ​របស់​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​ត្រឹមត្រូវ»។

លោក​​បន្ថែម​ថា លោក​ទន្ទឹង​រង់ចាំ​ធ្វើការ​ជាមួយ​នឹង ​លោក Biden ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង ​រវាង​ប្រទេស​ចិន​ និង​សហរដ្ឋ​អាមេរិក​ត្រឡប់​មក​រក​ផ្លូវ​ត្រូវ​វិញ៕ ប្រភព ៖ VOA

អត្ថបទដែលជាប់ទាក់ទង