ភ្ញៀវទេសចរជាតិ ចាប់អារម្មណ៍កសិដ្ឋានចិញ្ចឹមចៀម និងសត្វអូទ្រីស នៅឃុំសំរ៉ុង ស្រុកព្រៃនប់

ខេត្តព្រះសីហនុ ៖ ភ្ញៀវទេសចរជាតិ បង្ហាញការចាប់អារម្មណ៍ ចំពោះកសិដ្ឋានចិញ្ចឹមចៀម និងសត្វអូទ្រីសមួយកន្លែង ស្ថិតនៅក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចរង្វង់មូលផ្លូវសម្ដេចព្រះសង្ឃរាជ្យទេវង្ស នៅចំណុចតំបន់អូរត្រជាក់ចិត្ត ស្ថិតក្នុងឃុំជើងគោស្រុកព្រៃនប់ ឆ្ពោះមកកាន់ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ។

អ្នកគ្រប់គ្រង កសិដ្ឋានកសិទេសចរណ៍ “អូរត្រជាក់ចិត្ត” បានឲ្យដឹងថា កសិដ្ឋានខាងលើនេះ បានបើកឲ្យដំណើរការតាំងពីឆ្នាំ ២០២០ គឺមានរយៈពេលជាងពីរឆ្នាំមកហើយ នៅលើផ្ទៃដី សរុប ៣០ហិចតា ដោយមានចិញ្ចឹមសត្វចៀមចំនួន ៥៨០ ក្បាល និងសត្វអូទ្រីសជាង ៥០០ក្បាល ដើម្បីបម្រើដល់វិស័យទេសចរណ៍។

ប្រធានក្រុមចិញ្ចឹមសត្វអូទ្រីស លោក ម៉ៅ សារ៉ាក់ បានឲ្យដឹងថាការចិញ្ចឹមសត្វនៅក្នុងកសិដ្ឋាននេះ គឺជួបបញ្ហាប្រឈមមួយ ចំនួន គឺបញ្ហាអាកាសធាតុ ដោយសារតែសត្វទាំងនេះ នាំមកពីប្រទេសអាហ្វ្រិក។

ទោះជាយ៉ាងណា លោកថា ការចិញ្ចឹមសត្វទាំងនេះ ទទួលបានផលល្អ ព្រោះក្រុមការងារមានបច្ចេកទេស និងការផ្ដល់វ៉ាក់សាំងគ្រប់គ្រាន់ ទើបធ្វើឲ្យការចិញ្ចឹមទទួលបានទិន្នផល។

ដោយឡែក លោក គឹម សន ប្រធានក្រុមចិញ្ចឹមសត្វចៀម ក៏បានឲ្យដឹងដែរថា ការចិញ្ចឹមចៀម ក៏មានបញ្ហាជួបផលវិបាក និងភាពងាយស្រួលផងដែរ។ លោកបន្តថា ចំពោះផលវិបាក គឺដោយសារបញ្ហាខ្វះស្មៅ ភូមិសាស្ត្រមិនអំណោយផលល្អ ហើយពេលសត្វទាំងនេះឈឺ គឺទាមទារមានការថែទាំឲ្យបានដិតដល់ និងត្រូវចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្រាន់គ្រប់គ្រាន់។

ចំពោះភាពងាយស្រួល គឺការផ្ដល់ចំណី ហើយសត្វចៀម ក្នុងមួយឆ្នាំ អាចផ្ដល់កូនបានពីរដង។ ជាងនេះទៀត នៅក្នុងរយៈពេល ៦ ខែ ចៀមអាចលក់សាច់បានចន្លោះពី ២០គីឡូក្រាម ទៅ ៣០ គីឡូក្រាម ក្នុងមួយក្បាល។

លោក គឹម សន បន្ថែមថា នៅចំពោះមុខ កសិដ្ឋាន នៅតំបន់អូរត្រជាក់ចិត្ត ខាងលើនេះ នឹងបន្តពង្រីកបង្កាត់ពូជចៀម និងភ្ញាស់ពូជអូទ្រីស ឲ្យបានច្រើនថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឲ្យចូលមកម្សាន្ត ទីតាំងនេះ បានកាន់តែច្រើនថែមទៀត។ ជាងនេះទៀត ក៏ចង់បង្ហាញថា ប្រទេសកម្ពុជា ជាពិសេសក្នុងភូមិសាស្ត្រ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏អាចចិញ្ចឹមសត្វប្រភេទនេះបានដែរ ដែលកន្លងមក ធ្លាប់តែឃើញការចិញ្ចឹមប្រភេទសត្វទាំងនេះ នៅបរទេសតែប៉ុណ្ណោះ។

លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋក្នុងតំបន់ ជាពិសេសភ្ញៀវជាតិ-អន្តរជាតិ សូមអញ្ជើញចូលមកទស្សនា កសិដ្ឋានកសិកទេសចរណ៍ “អូរត្រជាក់ចិត្ត” ឲ្យច្រើនថែមទៀត នាថ្ងៃអនាគត់៕

ប្រភព ៖ ទូរទស្សន៍ជាតិ នៃមន្ទីរព័ត៌មាន ខេត្តព្រះសីហនុ

អត្ថបទដែលជាប់ទាក់ទង