ក្រុមអ្នករត់ម៉ូតូកង់បីនិងតាក់ស៊ី សំណូមពរដល់ លោក លូ គឹមឈន់ ជួយអន្តរាគមន៍កុំឲ្យមន្ត្រីនគរបាលច្រកទ្វារទី១ នៃកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ ជំរិតទារលុយពីពួកគាត់..

ខេត្តព្រះសីហនុ ៖ ក្រុមអ្នកប្រកបរបររត់ម៉ូតូកង់បី ផាសអាប់ តាក់ស៊ី រថយន្តក្រុង ឬហៅថា អ្នកបំរើសេវាដឹកភ្ញៀវទេសចរ ទៅកាន់ផែទូក ឬអូរប័រទេសចរណ៍ ដើម្បីចេញទៅកម្សាន្តតាមបណ្តាកោះនានា ក្នុងខេត្តព្រះសីហនុ បានចោទមន្ត្រីនគរបាល និងកងសន្តិសុខ យាមប្រចាំការនៅច្រកទ្វារទី១ នៃកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ ថាបានជំរិតទារលុយពីពួកគាត់ ចាប់ពី ១ដុល្លារ ដល់១ម៉ឺនរៀល ទៅតាមប្រភេទយានយន្តនីមួយៗ ជាថ្នូរបើកទ្វាររបង ឬបារ៉ាស់ ដើម្បីដឹកភ្ញៀវចូលទៅផែទូកទេសចរណ៍ ដែលមានទីតាំង នៅខាងក្នុងបរិវេណកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ។

ផ្តើមពីបញ្ហានេះ ក្រុមអ្នកបំរើសេវាដឹកជញ្ជូនភ្ញៀវទេសចរទាំងនោះ បានសំណូមពរដល់ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ ជាពិសេស លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជួយពិនិត្យអន្តរាគមន៍បញ្ឈប់សកម្មភាពជំរិតទារលុយពីពួកគាត់ ដែលដឹកកភ្ញៀវទេសចរ ឆ្លងការច្រកទ្វារទី១ នៃកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ តទៅទៀត ប្រយោជន៍ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យចូលមកទស្សនាខេត្តព្រះសីហនុ កាន់តែច្រើនថែមទៀតនាថ្ងៃអនាគត់។

VID_20221120_091845_597.mp4

យោងតាមលិខិត ដែលគេហទំព័រ “កម្ពជាថ្ងៃនេះ” ទទួលបានពីក្រុមអ្នករត់ម៉ូតូកង់បី ផាសអាប់ និងរថយន្តតាក់ស៊ីជាដើម បានឲ្យដឹងថា ជាបន្តបន្ទាប់មកនេះ ក្រុមមន្ត្រីនគរបាល និងកងសន្តិសុខ ដែលយាមកប្រចាំការនៅច្រកទ្វារទី១ ចេញ-ចូល កំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ គឺ មិនអនុញ្ញាត ឲ្យពួគាត់បើកយានយន្ត ដែលកំពុងដឹកភ្ញៀវទេសចរ ចូលទៅផែទូកទេសចរ មានទីតាំងនៅខាងក្នុងបរិវេណកំពង់ផែស្វយ័ត្ន ក្រុងព្រះសីហនុទេ បើពួគាត់មិនបង់លុយ ឲ្យមន្ត្រីនគរបាលទាំងនោះ ទៅតាមការទាមទារទេ។ ហើយ ចំពោះទង្វើនេះ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ភាគច្រើន បានបង្ហាញអារម្មណ៍ហ៊ួហ្មង និងរិះគន់ ចំពោះសកម្មភាព របស់មន្ត្រីនគរបាល និងកម្លាំងសន្តិសុខ នៅច្រកទ្វារទី១ នៃកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ ថាបានរំខានដល់អារម្មណ៍មកសម្រាកលម្ហែ របស់ពួកគាត់។ រំខានអារម្មណ៍ ក៏ព្រោះតែ ពួកគាត់ បានអូសឥវ៉ាន់ ឬវ៉ាលី ចុះពីម៉ូតូកង់បី ផាសអាប់ ឬរថយន្តតាក់ស៊ី ពីទីតាំងច្រកទ្វារទី១កំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ ឆ្ពោះទៅផែទូកឬផែអូរប័រទេសចរណ៍ មានចម្ងាយឆ្ងាយគួរសម។

ទោះជាបែបនេះក្តី គេហទំពរ “កម្ពុជាថ្ងៃនេះ” មិនទាន់អាចទាក់ទង លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដើម្បីបំភ្លឺជុំវិញ កង្វល់ របស់ក្រុមអ្នករត់ម៉ូតូកង់បី ផាសអាប់ រថយន្តតាក់ស៊ី ឬរថយន្តក្រុង ដែលចោទមន្ត្រីនគរបាល និងកងសន្តិសុខ ប្រចាំការនៅច្រកទី១ កំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ ខាងលើបានទេ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ខណៈ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា រូបលោកមិនទាន់ទទួលបានព័ត៌មាននេះទេ។ ប៉ុន្តែលោកថា នឹងសួរនាំអ្នកជាប់ពាក់ព័ន្ធករណីមិនប្រក្រតីខាងលើនេះ ដើម្បីឈានទៅរកដំណោះស្រាយ។

VID_20221120_091603_559.mp4

ឆ្លើយតបបញ្ហានេះ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ មានប្រសាសន៍ថា ជាគោលការណ៍ ខាងកំពង់ផែ មិនបានអនុញ្ញាតឲ្យកម្លាំងនគរបាល ឬកងសន្តិសុខ ដែលយាមប្រចាំការនៅច្រកទី១ នៃកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ យកលុយពីក្រុមអ្នកបំរើសេវាដឹកភ្ញៀវទេសចរ រួមមាន៖ ម៉ូតូកង់បី ផាសអាប់ រថយន្តរតាក់ស៊ី ឬរថយន្តក្រុងជាដើម បើកចេញចូលទៅផែទូកទេសចរណ៍ នៅក្នុងបរិវេណកំពង់ផែស្វយ័ត្ននេះទេ។

លោកបន្តថា នឹងពិនិត្យដោះស្រាយទៅលើករណី មន្ត្រីនគរបាល ឬកងសន្តិសុខ ដែលស្ថិតក្រោមការគ្រប់គ្រង របស់កំពង់ផែ យកលុយពីក្រុមអ្នកបំរើសេវាដឹកភ្ញៀវទេសចរ ទៅកាន់គោលដៅផែទូក ឬអូបរដឹកភ្ញៀវទេសចរ ដឹកឆ្លងកាត់ចេញចូលច្រកទី១ នៃកំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ ឲ្យបានរលូនឡើងវិញ ដើម្បីបញ្ចប់បាតុភាពមិនប្រក្រតី ដែលកំពុងកើតមានទាំងនេះ។

បុគ្គលឹកសមាគមភ្នាក់ងារដឹកជញ្ជូនជលយាន ខេត្តព្រះសីហនុ បានឲ្យដឹងថា រាល់ថ្ងៃនេះ មានក្រុមហ៊ុនដឹកភ្ញៀវទេសចរ ចេញទៅកម្សាម្តតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ ដែលមានចំណត នៅខាងក្នុងបរិវេណ កំពង់ផែស្វយ័ត្នក្រុងព្រះសីហនុ មានចំនួន ៨ក្រុមហ៊ុន រួមមាន៖
១- ក្រុមហ៊ុន ជីធីវីស៊ី ស្ពីដប៊ូត
២- ក្រុមហ៊ុន អាយលែនស្ពីដហ្វឺរី ខេមបូឌា
៣- ក្រុមហ៊ុន បូវាស៊ី ខេមបូឌា
៤- ក្រុមហ៊ុន រមនី ស្ពីដប៊ូត
៥- ក្រុមហ៊ុន ស្ពីដហ្វឺរី ខេមបូឌា
៦- ក្រុមហ៊ុន រ៉ូយាល់ស៊េន
៧- ក្រុមហ៊ុន ដឹកភ្ញៀវកោះសង្សារ
៨- ក្រុមហ៊ុន ប៉ាហ្គូដា ស្ពីដប៊ូត៕

VID_20221120_085517_404.mp4 VID_20221120_085517_948.mp4 VID_20221120_085517_328.mp4

អត្ថបទដែលជាប់ទាក់ទង