ឧកញ៉ា ទៀ វិចិត្រ ខ្លោចចិត្ត ដែលមិនអាចសង្គ្រោះជីវិត អ្នកនេសាទម្នាក់បាន..

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បង្ហាញការសោកស្តាយ ដែលក្រុមការងារ របស់លោក មិនអាចជួយសង្គ្រោះជីវិតបុរសម្នាក់ មានមុខរបរ ជាតៃកុងទូកនេសាទ បានធ្លាក់ចេញពីទូកចូលទៅក្នុងទឹកសមុទ្រ ហើយមិនអាចជួយសង្គ្រោះជីវិតបានទាន់ពេល។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា កាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីរូបលោក ទទួលបានព័ត៌មានពីកម្លាំងសមត្ថកិច្ចមកថា មានបុរសម្នាក់ ជាតៃកុងទូកកាម៉ុង បានឈឺជំងឺខ្យល់គរ រួចក៏ធ្លាក់ចូលក្នុងទឹកសមុទ្រ ហើយត្រូវការមធ្យោបាយដឹកបញ្ជូនពីលើកោះ ឆ្ពោះយកមកសង្គ្រោះ នៅមន្ទីរពេទ្យ នាក្រុងព្រះសីហនុជាបន្ទាន់។  ភ្លាមៗនោះ រូបលោក ក៏បានបញ្ជូនអូប័រពេទ្យល្បឿនលឿន ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) របស់លោក ឲ្យទៅជួយសង្គ្រោះបុរស អ្នកជំងឺរូបនោះ បញ្ជូនយកមកកាន់ខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យឲ្យបានឆាប់ ប៉ុន្តែជាអកុសល ពេលបញ្ជូនជនរងគ្រោះ មកដល់មន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ  លោកគ្រូពេទ្យ បានពិនិត្យរួច បញ្ជាក់ថា ជនរងគ្រោះ បានផុតដង្ហើម មុនពេលបញ្ជូនមកដល់ពេទ្យទៅហើយ។

ជនរងគ្រោះមានឈ្នោះ សែប សិន ភេទប្រុស អាយុ ៤០ឆ្នាំ មានមុខរបរ ជាតៃកុងទូកកាម៉ុង រស់នៅ ស្រុកកំពង់បាយ ខេត្តកំពត។
ព្រមជាមួយគ្នានេះ លោកឧកញ៉ា ក៏បានសម្តែងការសោកស្តាយ ដែលមិនអាចជួយសង្គ្រោះ បុរសរងគ្រោះ ពីសេចក្តីស្លាប់បាន ហើយរូបលោក ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ គ្រួសារសពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង