អង្គការសិទ្ធិមនុស្ស កំពុងរង់ចាំមើលចំណាត់ការ របស់តុលាការខេត្តកោះកុង លើសំណុំរឿង លោក ហន រស្មី មេប៉េអឹមស្រុកស្រែអំបិល ជិះរថយន្តបុក បុរសជនជាតិឥណ្ឌា ម្នាក់ស្លាប់

របាយការណ៍​បញ្ជាក់ថា ម៉ូតូជនរងគ្រោះ​ ម៉ាកហុងដាសេ ១២៥ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ ម៉ា​ ហិ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិឥណ្ឌា បានស្លាប់​នៅកន្លែងកើតហេតុ។ រីឯអ្នកបើកបររថយន្តឈ្មោះ ហន រស្មី ភេទប្រុស អាយុ ៤៤ឆ្នាំ មានតួនាទីជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្រែអំបិល។ ​រីឯ រថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍​ ម៉ាកលុចសុីស Lx 470 ពពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកោះកុង 2C 1777 បានបើក​គេចខ្លួនភ្លាមៗ ពីកន្លែងកើតហេតុ ដោយបន្សល់ទុក​វត្ថុតាងបំណែករថយន្តមាន ដូចជា៖ កាងក្រោយរថយន្ត អំពូលកាត់អ័ព្ទ និងកំទេចកំទីតូចៗជាច្រើនទៀត។

របាយការណ៍ដដែលនេះ បានសរសេរថា ចំពោះសាកសពជនរងគ្រោះ សមត្ថកិច្ច បានប្រគល់ជូនសាច់ញាតិបងប្អូន នាំយកទៅបូជា ធ្វើបុណ្យនៅវត្តមាគាគីរី ស្រែអំបិល។

ចំណែកម៉ូតូជនរងគ្រោះ ​បាននាំ​មករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីរង់ចាំរកដំណោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ។

ចំពោះមូលហេតុ បង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ តាម របាយការណ៍ របស់អធិការដ្ឋានគរបាលស្រុកស្រែអំបិល បញ្ជាក់ថា បណ្តាលមកពី អ្នកបើកបររថយន្ត​ប្រើប្រាស់ល្បឿនលឿន ហើយរេចង្កូតទៅបុកជាមួយ ម៉ូតូ ក្នុងទិសដៅបញ្ច្រាស់គ្នា។

​បញ្ហានេះដែរ លោក​ រស់​ សារាំ ព្រះរាជអាជ្ញា នៃអយ្យការ​អមសាលារដំបូង ខេត្តកោះកុង​ មានប្រសាសន៍នៅថ្ងៃចន្ទ ទី​០៩ ខែមករា ឆ្នាំ​២០២៣ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ​ខាងមន្ត្រីនគរបាល នៃអធិការដ្ឋានស្រុកស្រែអំបិល កំពុង​កសាង​សំណុំរឿង មកកាន់តុលាការខេត្តកោះកុង ដើម្បីបន្តនីតិវិធី។​ លោក​ថា ករណី​នេះ ខាងស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង បានទទួលសេចក្ដីរាយការណ៍​បឋម​រួច​ហើយៗ កំពុងរង់ចាំការកសាងសំណុំរឿងពី អធិការដ្ឋាននគរបាលស្រុកស្រែអំបិល ឲ្យបានជាក់ច្បាស់​ មុននឹង​​អនុវត្តនីតិវិធីជាបន្តទៀត។

​យ៉ាងណាក៏ដោយចុះ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍​​ស្លាប់មនុស្សខាងលើនេះ ខាងភាគីជនបង្ក និងភាគីគ្រួសារជនរងគ្រោះ បានជួបគ្នាសម្របសម្រួល​ដោះ​ស្រាយសំណង ក្រៅប្រព័ន្ធច្បាប់រួចហើយ ដោយខាងភាគី លោក ហន រស្មី បានបង់សំណងជូនគ្រួសារជនរងគ្រោះ​ចំនួន ៤ពាន់ដុល្លារ ដើម្បីបញ្ចប់រឿងប្តឹងផ្តល់។

ទោះជាបែបនេះក្តី ក្រុមអ្នកច្បាប់ ក៏ដូចជា​យោងតាមច្បាប់មាត្រា ៨៥ ​បានបញ្ជាក់ថា តាមទិដ្ឋភាពច្បាប់​ ការបើកបរដោយធ្វេសប្រហែស​ ឈានទៅបុកអ្នកដទៃ​​ស្លាប់ រួចយកលុយសងជាសំណងជូន​គ្រួសារជនរងគ្រោះ គឺមិនអាចរំលត់ទោសទណ្ឌ ឬអាចគេចផុតពីភាពទទួលខុសត្រូវ ចំពោះមុខ​ច្បាប់បាន​ទេ​។

យ៉ាងនេះក្តី គេហទំព័រ «កម្ពុជាថ្ងៃនេះ» នៅមិនទាន់អាចទាក់ទង ​​លោក ហន រស្មី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្រែអំបិល ដែលជាអ្នកបើក​បរ​រថយន្ត ឡិចស៊ីស ៤៧០ ​បុកជនជាតិឥណ្ឌា​ស្លាប់ ដើម្បីបំភ្លឺជុំវិញគ្រោះថ្នាក់ចរាចរណ៍ខាងលើបានទេ តាមទូរស័ព្ទ នៅថ្ងៃទី១២ ខែមករា ឆ្នាំ​២០២៣នេះ។​

​ពាក់ព័ន្ធ​ករណី​នេះដែរ លោក ហួរ អ៉ីន អ្នកសម្របសម្រួលអង្គការលីកាដូ ប្រចាំ​ខេត្តកោះកុង  មានប្រសាសន៍ថា ផ្អែកតាម​ទិដ្ឋភាពច្បាប់ ជនណាបើកបរដោយធ្វេសប្រហែស បណ្ដាលឲ្យអ្នកដទៃស្លាប់ ទោះ​បានផ្តល់សំណងរដ្ឋប្បវេណីជូន​ជនរងគ្រោះក្តី ក៏ប៉ុន្តែ​ជនបង្ក ឬអ្នក​បើកបររូបនោះ ត្រូវ​តែ​មានកាតព្វកិច្ចទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន គឺមិនអាចសងត្រឹមសំណង​រដ្ឋប្បវេណី ហើយអាចរំលត់ទោសទណ្ឌ ​របស់ខ្លួន ឬអាចរួចខ្លួន​ពីសំណាញ់ច្បាប់បានទេ។ ហើយថា សមត្ថកិច្ចពាក់ព័ន្ធ ត្រូវតែឃាត់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍រូបនោះ ដើម្បីរង់ចាំធ្វើការដោះស្រាយ​​​។

ចំពោះ​​ករណីនេះ​​ ប្អូនប្រុសជនរងគ្រោះ បានឲ្យដឹង​ថា ​លោកបានទទួល​លុយចំនួន ៤​ពាន់ដុល្លារ ពីភរិយា លោក ហន រស្មី ដែលសំណងនេះ រូបគាត់ បានព្រមព្រៀងគ្នា នៅក្រៅប្រព័ន្ធតុលាការ កាលពីល្ងាច​ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣​។ ប៉ុន្តែលោកថា សំណងនេះ មិនស្រប​តាមការទាមទារ របស់លោក ដែលមានចំនួន ៧ពាន់ដុល្លារ​នោះទេ។

យ៉ាងណាក៏ដោយចុះ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សមួយចំនួន បានអះអាងថា នឹងឃ្លាំចាំមើលចំណាត់ការផ្លូវច្បាប់ របស់សាលាដំបូងខេត្តកោះកុង លើ​ករណីគ្រោះថ្នាក់ចរាចរណ៍​ បង្កឡើងដោយឈ្មោះ ហន រស្មី មានតួនាទីជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្រែអំបិល ដែល​បណ្តាលឲ្យស្លាប់បុរសជនជាតិឥណ្ឌាម្នាក់ កាលពីថ្ងៃទី​០៦ ខែមករា​ ឆ្នាំ​២០២៣​ ថា តើតុលាការ នឹងមានចំណាត់ការ​​ទទួលបានលទ្ធផលផ្លែផ្កាត្រឹមកំរិតណា..?។

នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ គេហទំព័រ “កម្ពុជាថ្ងៃនេះ” នៅមិនទាន់អាចទាក់ទង លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ដើម្បីបញ្ជាក់បន្ថែមទៅលើចំណាត់ការ របស់តុលាការ លើសំំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះទេ ខណៈសំណុំរឿង លោក ហន រស្មី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្រែអំបិល បានទៅដល់ដៃ សាលាដំបូង ខេត្តកោះកុង រួចហើយនោះ..៕

អត្ថបទដែលជាប់ទាក់ទង