បិទបញ្ចប់ប្រកួតបាល់ទាត់ ពានរង្វាន់ លោកឧកញ៉ា ទៀ វិចិត្រ អបអរសាទរ ថ្ងៃជ័យជំនះ៧មករា

ខេត្តព្រះសីហនុ ៖ ពិធីប្រកួតបាល់ទាត់មហាជន ពានរង្វាន់ លោកឧកញ៉ា ទៀ វិចិត្រ ដើម្បីអបអរសាទរថ្ងៃជ័យជំនះ ៧មករា ២០២៣ ខួបលើកទី៤៤ បានបិទបញ្ចប់ហើយនៅល្ងាច ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣នេះ។

លោក ហេង គីមស៊រ អគ្គនាយករងក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) តំណាង លោកឧកញ៉ា ទៀ វិចិត្រ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទការប្រកួតនេះ។

ការប្រកួតបាល់ទាត់នេះ ធ្វើឡើងរយៈពេល ៤សប្តាហ៍កន្លងហើយ នៅលើទីលានបាល់ទាត់ អ្នកភូមិ ស្ថិតក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។

ជាការកត់សម្គាល់ថា នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ឃើញមានវត្តមានប្រជាពលរដ្ឋ អ្នកភូមិ និងយុវជន ដែលស្រឡាញ់គាំទ្រ ក្រុមកីឡាបាល់ទាត់ បានចូលរួមទស្សនា យ៉ាងច្រើនកុះករ ។

ព្រមជាមួយគ្នានេះដែរ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមកីឡាករ បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ លោកជំទាវ និងក្រុមគ្រួសារ ដែលបានចំណាយថវិកាយ៉ាងច្រើន ដើម្បីរៀបចំការប្រកួតបាល់ទាត់មហាជន អបអរសាទរ ថ្ងៃជ័យជំនះ ៧មករា ២០២៣នេះ ដោយបង្កលក្ខណៈឲ្យក្រុមយុវជន និងពលរដ្ឋ រស់នៅក្នុងស្រុកព្រៃនប់ ដែលមានក្រុមកីឡាបាល់ទាត់ បានចូលរួមប្រកួតដណ្តើមយកជ័យលាភី នៅតាមមូលដ្ឋាន រៀងៗខ្លួន។

មន្ត្រីមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដែលចូលរួមក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់នេះ បានសម្តែងមោទនភាព និងចាត់ទុកថា ការប្រកួតនេះ ជាផ្នែកមួយ នៃការចូលរួមអបអរសាទរ ដែលកម្ពុជា ត្រៀមរៀបចំ ធ្វើជាម្ចាស់ផ្ទះ ការកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣នេះ។

ឱកាសនោះ លោក ហេង គីមស៊រ ក្នុងនាម លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងការកោតសរសើរដល់ ក្រុមកីឡាបាល់ទាត់ទាំង ២០ក្រុម ដែលបានចូលរួមប្រកួតរយៈពេល ៤សប្តាហ៍កន្លងមក និងបានរកឃើញក្រុមខ្លាំង ទទួលបានរង្វាន់ជ័យលាភី រួមមាន៖

– លេខ១ បានទៅលើក្រុមដូនលយសន្តិភាព ឃុំបឹងតាព្រហ្ម ទទួលបានពានមួយ មេដាយ និងថវិកាចំនួន ២លានរៀល។

– លេខ២ បានទៅលើក្រុមឥន្ទ្រីទេព ឃុំបិតត្រាំង ទទួលបានមេដាយ និងថវិកាចំនួន ១លាន ៥សែន រៀល។

– លេខ៣ បានទៅលើក្រុមទួលទទឹងសន្តិភាព ឃុំទួលទទឹង ទទួលបានមេដាយ និងថវិកាចំនួន ១លានរៀល។

ក្រៅពីនេះ ក៏មានប្រាក់ឧបត្ថម្ភដល់ក្រុមអាជ្ញាកណ្តាលកាត់សេចក្តី គណៈកម្មការរៀបចំការប្រកួត និងផ្នែកពាក់ព័ន្ធមួយចំនួនទៀត ដែលសហការរៀបចំការប្រកួត ចាប់តាំពីថ្ងៃចាប់ផ្តើម រហូតដល់ថ្ងៃបិទបញ្ចប់ បាយល្ងាចថ្ងៃអាទិត្យនេះ៕

អត្ថបទដែលជាប់ទាក់ទង