កិច្ចប្រជុំចុះឈ្មោះបោះឆ្នោត ជ្រើសតាំងសមាជិក សភាពាណិជ្ជកម្មខេត្តព្រះសីហនុ អាណត្តិទី៣លើកទី១

ខេត្តព្រះសីហនុ ៖ កិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង សភាពាណិជ្ជកម្មខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១ ក្រោមអធិបតីភាព លោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក គង់ វិតាណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកប្រធានសភាពាណិជ្ជកម្មខេត្ត សមាជិក សមាជិកា និងអាជីវករ ពាណិជ្ជករផងដែរ។

ពិធីនេះ ធ្វើឡើងនៅព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ។

នាឱកាសនោះ លោក វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានបញ្ជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការបរទេសលើវិស័យធុរកិច្ចជាកិច្ចការដ៏សំខាន់មួយដើម្បីជម្រុញការវិនិយោគទុននៅក្នុងខេត្តព្រះសីហនុ។

កន្លងមកគណៈគ្រប់គ្រង សមាជិក ទីប្រឹក្សា ក្រុមការងារប្រតិបត្តិរបស់សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានចូលនៅក្នុងពិពរ័ណ៍ពាណិជ្ជកម្មថ្នាក់តំបន់នៅប្រទេសថៃ និងប្រទេសវៀតណាម ដើម្បីសិក្សារៀនសូត្រការងារធុរកិច្ច និងភ្ជាប់ទំនាក់ទំនងធុរកិច្ចជាមួយបណ្តាដៃគូនានាក្នុងប្រទេស និងក្រៅប្រទេស។ នៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានចូលរួមក្នុងការសម្របសម្រួលយន្តការដោះស្រាយគម្រោងវិនិយោគជាប់គាំង នៅខេត្តព្រះសីហនុ ដែលជាកិច្ចការស្នូលដ៏សំខាន់មួយ ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចពហុបំណង តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនោះ លោក គង់ វិតាណ្ណៈ អភិបាលរងខេត្តព្រះសីហនុ បាន
ជំរុញសភាពាណិជ្ជកម្មខេត្តព្រះសីហនុបន្តទំនាក់ទំនងជាមួយស្ថានទូតនានា បង្កើនកិច្ចសហប្រតិបត្តិការធុរកិច្ចបរទេសដើម្បីជម្រុញការវិនិយោគទុននៅក្នុងខេត្តព្រះសីហនុ។

ជាងនេះទៅទៀត សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ត្រូវពង្រឹង គណៈគ្រប់គ្រង សមាជិក ទីប្រឹក្សានិងក្រុមការងារប្រតិបត្តិការ បង្កើតចំណេះដឹងតាមរយៈកិច្ចពិភាក្សាឱ្យបានញឹកញាប់ជាប្រចាំ ជាពិសេសបង្កើតកម្មវិធីទស្សនកិច្ចទៅកាន់ប្រទេសជិតខាង ក៏ដូចជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចនានាផងដែរ។

ជាមួយគ្នានោះ លោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ទន្ទឹមនឹងលទ្ធផលផ្លែផ្កាគួរជាទីមោទនៈនាពេលបច្ចុប្បន្ន សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដោយត្រូវកំណត់ផែនការឱ្យបានជាក់លាក់ដើម្បីបន្តបេសកកម្មចូលរួមធ្វើឱ្យប្រសើរឡើងនូវវិស័យឯកជននៅក្នុងខេត្តដ៏សំខាន់មួយនេះ ក៏ដូចជាជួយជ្រោមជ្រែងបងប្អូនអាជីវករ ពាណិជ្ជករឱ្យរកទទួលទានបានល្អប្រសើរគ្រប់ៗគ្នា។

ដោយមានដំណើរស្របតាមផែនការដែលបានកំណត់ទុក សភាពាណិជ្ជកម្មខេត្តព្រះសីហនុ បន្តរក្សាទំនាក់ទំនងជាមួយ ក្រសួងពាណិជ្ជកម្ម ក្រសួងពាក់ព័ន្ធ ស្ថាប័នថ្នាក់ជាតិ រដ្ឋាបាលខេត្តមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ទីរពាក់ពន្ធ័នានាក្រោមឱវាទដ្ឋបាលខេត្តដើម្បីជំរុញពាណិជ្ជកម្មក្នុងខេត្តឱ្យកាន់តែមានភាពប្រសើរឡើង។ សភាពាណិជ្ជកម្មខេត្តព្រះសីហនុបន្តរក្សា និងកសាងទំនាក់ទំនងល្អជាមួយ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មខេត្ត-មណ្ឌលនានា ដើម្បីផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ផ្នែកពាណិជ្ជកម្មផ្សេងៗ ទន្ទឹមនឹងការស្វែងរកដៃគូវិនិយោគក្នុង និងក្រៅប្រទេស ដើម្បីបង្កើនឱកាសធុរកិច្ច និងវិនិយោគល្អៗនៅក្នុងខេត្តព្រះសីហនុអោយកាន់តែច្រើនឡើងតាមការដែលអាចធ្វើទៅបាន។

សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ជម្រុញការផលិត ការលក់ និង ការប្រើប្រាស់ផលិតផលខ្មែរ – ២៥ ខេត្ត-ក្រុង ឱ្យទូលំទូលាយដែលជាការចូលរួមចំណែកដ៏សំខាន់ក្នុងការបង្កើនការងារ និងកាត់បន្ថយចំណាកស្រុក៕

អត្ថបទដែលជាប់ទាក់ទង