ពលរដ្ឋស្រុកព្រៃនប់ ចោទលោក ជា វ៉ាន់ណី មេការលោកជំទាវ ហុង គឹមអេង ថាជំពាក់លុយថ្លៃជួល កាប់ព្រៃកំណត់ព្រំដី ជិត៣លានរៀល មិនព្រមសង

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ មានជីវភាពក្រីក្រចំនួន ០៥នាក់  ឬ ០៥គ្រួសារ រស់នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានអះអាងថា លោក ជា វ៉ាន់ណី ដែលគេស្គាល់ថា ជាមេការមើលការខុសត្រូវដីធ្លីឲ្យ លោកស្រី ហុង គឹមអេង មានទំហំជិត ២០០ ហិកតា ស្ថិតនៅតំបន់ចំការពេជ្រ ថាបានបោកប្រាស់លុយថ្លៃជួលពួកគាត់ ឲ្យកាប់ឆ្ការព្រៃ ដើម្បីកំណត់ព្រំដី ចំនួន (២៨៣២៥០០រៀល (ពីរលានប្រាំបីសែនបីម៉ឺនពីពាន់ប្រាំរយ) តាំងពីពាក់កណ្តាលខែ វិច្ឆិកា ឆ្នាំ២០២២ រហូតមកដល់ខែកុម្ភៈ ឆ្នាំ២០២៣ ទៅហើយ នៅមិនទាន់បានសងប្រាក់ឈ្នួល ដែលជំពាក់ពួកគាត់នៅឡើយ។

លោក អ៊ុំ ខុម ជាតំណាងក្រុមកម្មករកាប់ព្រៃព្រំដីខាងលើ បាន និយាយថា កន្លងមកក្នុងអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២២ ពួកគាត់ចំនួន ០៥នាក់ មានឈ្មោះ ចិន – ប៉ុន – គៀត – ង៉ែត និងរូបគាត់ត្រូវបាន លោក ជា វ៉ាន់ណី បានជួលមកកាប់ឆ្ការព្រៃព្រំដីមួយកន្លែង (តំបន់ចំការពេជ្រ) ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជាដី របស់ លោកស្រី ហុង គឹម អេង រស់នៅក្រុងភ្នំពេញ មានទំហំជិត ២០០ ហិកតា។ ពោលគឺកាប់ទទឹង ទំហំ ២ម៉ែត្រ និងបណ្តោយ ២៥៥៥ម៉ែត្រ ក្នុងតម្លៃ ១ម៉ែត្រ ដើរ ថ្លៃ ១៥០០រៀល សរុបទឹក ទឹកប្រាក់ ៣៨៣ ២៥ ០០ រៀល (បីលាន ប្រាំបីសែនបីម៉ីន ពីពាន់ប្រាំរយ)។

លោកបន្តថា ក្រោយពួកគាត់ បញ្ចប់ការងារកាប់ព្រៃ រួចរាល់ រយៈពេល ០៨ថ្ងៃក្រោយ គឺនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ទើបពួកគាត់ ទទួលបានប្រាក់ឈ្នួលចំនួន ១លានរៀល ពីឈ្មោះ ជា វ៉ាន់ណី គឺនៅខ្លះចំនួន ២៨៣២៥០០រៀល ទៀត (ពីរលាន ប្រាំបីសែនបីម៉ីន ពីពាន់ប្រាំរយ)។

លោក អ៊ុំ ខុម បន្តទៀតថា ចំពោះលុយនៅសល់ ចំនួន ២៨៣២៥០០រៀលទៀត លោកជា វ៉ាន់ណី បានសន្យាថា នឹងសងក្នុងរយៈពេល ០២ ទៅ០៣ទៀត  បន្ទាប់ពីទទួលបានលុយ ១លានរៀលខាងលើ។ ប៉ុន្តែគិតមកដល់ដើមខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក ជា វ៉ាន់ណី នៅតែមិនព្រមសង់លុយ ដែលនៅជំពាក់ចំនួន ២៨៣២៥០០រៀលនោះទេ។

ជាងនេះទៀត ទាំងលោក ជា វាន់ណី និងភរិយា របស់គាត់ តែងនិយាយដោះសារមិនចេះចប់  មិនចេះហើយៗ មានពេលខ្លះ លោក វាន់ណី និយាយដោះសារថា ខ្លួន ជាប់រវល់ការពារ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៅវិមានសន្តិភាព រកពេលដកខ្លួនមិនរួច ជាដើម។

ទាក់ទិនបញ្ហានេះដែរ លោកស្រី ហុង គឹមអេង បាននិយាយថា ចំពោះលុយឈ្នួល ដែលជួលកម្មករកាប់ឆ្កាតព្រៃខាងលើនេះ  រូបគាត់ បានប្រគល់ទៅឲ្យឈ្មោះ ជា វ៉ាន់ណី មេការរបស់គាត់ គ្រប់ចំនួនអស់ហើយ គឺតាំងពីថ្ងៃ ដែលពលរដ្ឋទាំង ៥នាក់ បានកាប់ព្រៃរួចរាល់មកម៉្លេះ។

យ៉ាងណាក៏ដោយចុះ ក្រុមកម្មករ ទាំង ៥នាក់ បានទទូចដល់ លោកស្រី ហុង គឹមអេង ដែលជាម្ចាស់ដី សូមជួយផ្តល់លុយឈ្នួល ជិត ៣លានរៀល ដែលនៅជំពាក់ ឲ្យបានឆាប់ផង ដ្បិតពួកគាត់ទាំងអស់គ្នា ជាប្រជាពលរដ្ឋក្រីក្រី រស់ក្នុងជីវភាពលំបាក រកព្រឹកខ្វះល្ងាច ហើយការរស់នៅប្រចាំថ្ងៃ គឺពឹងផ្អែកលើកម្លាំងញើសឈាម របស់ខ្លួន ដើម្បីប្តូរបាយហូប សុំត្រឹមឲ្យមានជីវិតរស់នៅ តែប៉ុណ្ណោះ។ ប៉ុន្តែគួរឲ្យសោកស្តាយ ក្រោយបញ្ចប់ការងារកាប់ឆ្ការព្រៃព្រំដីខាងលើរួចរាល់ បែរជាត្រូវ ឈ្មោះ ជា វ៉ាន់ណី ដែលជាមេការ របស់លោកស្រី ហុង គឹមអេង បោកប្រាស់មិនផ្តល់ប្រាក់ឈ្នួល  ដែលនៅជំពាក់ជិត ៣លានរៀល ជូនពួកគាត់ ឲ្យគ្រប់ចំនួន បែបនេះទៅវិញ..៕

អត្ថបទដែលជាប់ទាក់ទង