លោក អុី ចំរើន៖ សកម្មភាពដឹកជញ្ជូនទំនិញ និងភ្ញៀវធ្វើដំណើរឆ្លងកាត់ព្រំដែន កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ កាន់តែប្រសើរឡើង

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិបានឲ្យដឹងថា ក្រោមការដឹងនាំ របស់ សម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្រ្តី នៃព្រះរាជាកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មន្ត្រីជំនាញបានជួយសម្រួលដល់ការធ្វើដំណើរចេញចូល របស់ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងការដោះដូរ ទំនិញ ឆ្លងកាត់ ព្រំដែននេះ កាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលមានព្រំប្រទល់ជាប់ខេត្តស្រះកែវ ប្រទេសថៃ មានប្រសាសន៍ថា ដោយគោរពតាមបទបញ្ជា របស់ប្រមុខដឹងនាំ រូបលោកបានបែងចែកភារកិច្ច សហការត្រួតពិនិត្យ មធ្យោបាយដឹកជញ្ជូន និងទំនិញគ្រប់ប្រភេទ ចេញ-ចូល ព្រះរាជាណាចក្រកម្ពុជា និង ប្រទេសថៃ សំដៅរកអោយឃើញ និងបង្ក្រាបទាន់ពេលវេលា រាល់បទល្មើសឆ្លងដែន និងការរត់ពន្ធតែប៉ុណ្ណោះ ដោយមិនមានតួនាទីលើការងារបង់ពន្ធទំនិញនោះទេ ព្រោះការបង់ពន្ធទំនិញ គឺជាតួនាទីភារកិច្ច របស់ភ្នាក់ងារគយ និងរដ្ឋាករ។

ជាងនេះទៀត លោកបានបង្កើត ទំនាក់ទំនងមន្ត្រីប្រចាំច្រកទ្វារព្រំដែនទាំង២ប្រទេស ដោយជួបប្រជុំធ្វើការងារផ្សព្វផ្សាយ ឱ្យបាន ទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋកម្ពុជា-ថៃ ក្រុមហ៊ុន ឬសហគ្រាសនានា ឲ្យចូលរួមសហការ ជាមួយ កងកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ក្នុងការគ្រប់គ្រង និង សម្របសម្រួល សកម្មភាព នៅតាមច្រកទ្វារព្រំដែនទ្វេភាគី ដើម្បីធានាសុវត្ថិភាព នៃការធ្វើ ដំណើរ និង ការដោះដូរទំនិញ ឆ្លងកាត់ព្រំដែន កាន់តែមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់។

លោក អ៉ី ចំរើន បន្តថា អគារច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី បានបើកដំណើរការជាផ្លូវការរួចហើយៗ នឹងចូលរួមសម្រួលការឆ្លងកាត់ របស់ប្រជាពលរដ្ឋកម្ពុជា -ថៃ ក៏ដូចជាភ្ញៀវទេសចរបរទេស ជាពិសេស សម្រួលដល់ការដឹកជញ្ជូនទំនិញ រវាងប្រទេសទាំងពីរ កាន់តែមានភាពងាយស្រួល៕

អត្ថបទដែលជាប់ទាក់ទង