ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រទៅដឹកកុមាររងគ្រោះ ពីលើកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖ កាលពីយប់ថ្ងៃទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ឲ្យទៅទទួលយកក្មេងប្រុសម្នាក់ មានឪពុកម្តាយ ជាអ្នករស់នៅក្រុងកោះរ៉ុង ហើយបានជួបគ្រោះថ្នាក់ ដួលបាក់ដៃ ដើម្បីបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យ នាខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្មេងប្រុសរងគ្រោះ បានជួបគ្រោះថ្នាក់ ដួលបាក់ដៃរូបនេះ  ឈ្មោះ Keal Sandon មានឳពុកឈ្មោះ ម៉ន សុំ អាយុ ៣៥ឆ្នាំ មុខរបរកម្មករ ម្តាយឈ្មោះ Sarah Jane អាយុ ៤៤ឆ្នាំ មុខរបរ បុគ្គលិកតាមបឹងកាឡូ រស់នៅ ក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ក្រោយទទួលដំណឹងពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុង ភ្លាមៗ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកក្មេងប្រុស ជាជនរងគ្រោះជាបន្ទាន់ភ្លាមៗ។

បច្ចុប្បន្ន កុមាររងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ រួចដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង