អ្នកស្ទូចត្រីកម្សាន្ត១០នាក់ ត្រូវព្រលឹងចេញហូបព្រលឹត តែសំណាងល្អ លោកឧកញ៉ា ទៀ វិចិត្រ ចេញអូប័រជួយសង្គ្រោះទាន់

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនក្រុមសង្គ្រោះអូប័រពេទ្យល្បឿនលឿន  ឲ្យទៅជួយសង្គ្រោះ ជនរងគ្រោះជនជាតិខ្មែរ ចំនួន ១០នាក់ ដែលជួបហេតុការណ៍ ជាប់គាំងនៅលើទូកកន្ទុយវែងមួយគ្រឿង ដោយសារទូកបានខូចស្លាបចាក់ ហើយក៏រលកបោកទូក នៅកណ្ដាលសមុទ្រ​ ខាងមុខកោះថាស ក្នុងខេត្តព្រះសីហនុ នៅម៉ោងជិត ៧យប់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះ ទាំង ១០នាក់ បានជួលទូកកន្ទុយវែងមួយគ្រឿង ពីចំណុចឆ្នេរលំហែលកាយ នៅម៉ោងជាង ១រសៀល ថ្ងៃទី៥ ខែមីនា ដើម្បីជិះចេញទៅស្ទូចត្រីកម្សាន្ត នៅម្តុំកោះថាស រហូតដល់ម៉ោងជិត ៥ល្ងាច  ក៏បានរៀបចំចេញត្រឡប់ មកលើដីគោកវិញ ក៏ប៉ុន្តែទូក ក៏បានខូចស្លាបចាក់ ហើយត្រូវបានរលកបោកបក់អណ្តែតលើផ្ទៃសមុទ្រ អស់ពេលជាង ៣ម៉ោង ទើបជនរងគ្រោះ បានស្នើសុំជំនួយពីលោកឧកញ៉ា ឲ្យជួយសង្គ្រោះ។

ភ្លាមៗក្រោយទទួលដំណឹងខាងលើនេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនក្រុមអូរបរ័ល្បឿនលឿន ឲ្យចេញទៅជួយសង្គ្រោះជនរងគ្រោះទាំង ១០នាក់ នៅលើទូកឈើនោះ បញ្ជូនមកលើដីគោក ដោយសុវត្ថិភាព នៅម៉ោងជិត ៨យប់ថ្ងៃដដែល។

បច្ចុប្បន្នជនរងគ្រោះទាំង ១០នាក់ បានដឹកមកដល់ផែ របស់ក្រុមហ៊ុន G.T.V.C ដោយសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង