ក្រសួងបរិស្ថាន៖ ដំរីអាស៊ី អាចមានចន្លោះពី ៤០០ ទៅ ៦០០ក្បាល មានវត្តមាន​នៅកម្ពុជា

ខេត្តមណ្ឌលគិរី ៖ ក្រសួងបរិស្ថាន បានបង្ហោះសារនៅលើផេកផ្លូវការ របស់ខ្លួន នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ​២០២៣នេះថា នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ ដំរីអាស៊ី អាចមានចំនួនប្រមាណចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើន រស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងបឹងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី រតនគិរី និង ស្ទឹងត្រែង ដែលជាតំបន់ជីវៈចម្រុះ ដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី ដែលមានសក្តានុពលខ្ពស់ និងមានទីជម្រាលអំណោយផល ដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុក ត្រូវបានប៉ាន់ស្មានថា មានចំនួនជាង ៧០ ក្បាល។

ដំរីអាស៊ី ត្រូវបានចាត់ទុកថាជាប្រភេទសត្វបង្គោលដ៏សំខាន់ ដោយសារសារៈ សំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពល ដែលអាចការពារដល់ការរស់រាន នៃប្រភេទសត្វផ្សេងៗទៀតនៅ ក្នុងដែនជម្រក របស់វា។
ដំរី មានតួនាទីជាសត្វពង្រាយគ្រប់ពូជ ក្នុងប្រពន្ធ័អេកូឡូស៊ី។ វាបើកកកាយដីច្រាប អំណោយផលដល់សត្វដ៏ទៃទៀតប្រើប្រាស់។

ដំរីអាស៊ី កំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរ នៅទូទាំងដែនជម្រក របស់វា នៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជ នៅក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN)៕ រូបភាព៖ សហគមន៍ភូមិពូត្រុំ ខេត្តមណ្ឌលគិរី

អត្ថបទដែលជាប់ទាក់ទង