រថភ្លើង បុកប៉ះជាមួយរថយន្តដឹកដី របួស​មនុស្ស៤នាក់ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច ស្រុកព្រៃនប់  បានផ្តល់ព័ត៌មានបឋមមកថា មានគ្រោះថ្នាក់ចរាចរណ៍បុកប៉ះគ្នារវាង រថភ្លេីងដឹកអ្នកដំណើរជាមួយរថយន្តធំមួយគ្រឿង កំពុងបើកឆ្លងផ្លូវរថភ្លើង នៅវេលាម៉ោង ជិត ៤ល្ងាច ថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០២៣នេះ​។

សមត្ថកិច្ចប្រាប់ថា គ្រោះថ្នាក់នេះ បណ្តាលឲ្យភាគីខាងរថភ្លើង ២នាក់រងរបួស (អ្នកបើកបររថភ្លើងម្នាក់ និងអ្នករួមដំណើរលើរថភ្លើងម្នាក់) ហើយភាគីខាងរថយន្តរងរបួសចំនួន ២នាក់ដូចគ្នា ។

ហេតុការណ៍នេះ កើតឡើងនៅផ្លូវលំមានផ្លូវរថភ្លើងឆ្លងកាត់ ចំណុចឡើងថ្មដំរី ក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។

របាយការណ៍បឋមពី សមត្ថកិច្ចបញ្ជាក់ថា ភាគីរថយន្ដ ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-7015 បើកបរដោយឈ្មោះ រើ ជីវ័ន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរបើកបររថយន្ដដឹកដី និងអ្នករួមដំណើរឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមេការរថយន្ដដឹកដី អ្នកទាំង ០២ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ។ ចំណែករថភ្លើងជាប្រភេទដឹកអ្នកដំណើរ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ បើកបរដោយឈ្មោះ អ៊ុំ សម្បត្តិ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរបើកបររថភ្លើង មានទីលំនៅភូមិផ្សារដេប៉ូ១ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងអ្នករួមដំណើរលើរថភ្លើងសរុបចំនួន ២២នាក់ ស្រី ១១នាក់ ។

អ្នករងបួសក្នុងហេតុការណ៏នេះចំនួន ០៤នាក់៖

១. ឈ្មោះ រើ ជីវ័ន ភេទប្រុស អ្នកបើកបររថយន្ដ HYUNDAI (រងបួសធ្ងន់)

២. ឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អ្នករួមដំណើររថយន្ដ HYUNDAI (រងបួសធ្ងន់) អ្នកទាំង០២បានយកមកសង្គ្រោះនៅមន្ទីរពេទ្យបូកគោ ខេត្តកំពត ។

៣. ឈ្មោះ អ៊ុំ សម្បត្តិ ភេទប្រុស អ្នកបើកបររថភ្លើង (រងបួសធ្ងន់ជើងខាងឆ្វេង) ។

៤. ឈ្មោះ រុំ ភេទប្រុស អ្នករួមដំណើរក្នុងរថភ្លើង (រងបួសស្រាល) ៕ (រូបភាពពីប្រជាពលរដ្ឋ)

 

អត្ថបទដែលជាប់ទាក់ទង