សមត្ថកិច្ចចាប់ខ្លួន លោក ហ៊ុន កុសល និងលោក យឹម ស៊ីណន ក្រោយសរសេរសារ នៅលើបណ្តាញសង្គម ពាក់ព័ន្ធរូបភាពព្រះមហាក្សត្រ

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោក ហ៊ុន កុសល និងលោក យ៉ឹម ស៊ីណន អតីតសកម្មជនក្រុមប្រឆាំង ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បន្ទាប់ពីបង្ហោះសារបែបញុះញង់តាមបណ្តាញសង្គមហ្វែសប៊ុក ពាក់ព័ន្ធនឹងរូបភាព ព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។

មន្រ្តីជាន់ខ្ពស់នគរបាលជាតិ បានបន្ថែមឲ្យដឹងថា នៅពេលនះ អ្នកទាំងពីរ កំពុងសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ព្រះឆាយាល័ក្ខណ៍ (រូបភាព) ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ត្រូវបានសមាជិកក្រុមប្រឆាំងមួយចំនួន យកទៅបង្ហោះបន្តបន្ទាប់វាយប្រហារតាមទស្សនៈផ្សេងៗ ដោយគ្រាន់តែយករូបភាពជ្រុងណាមួយ ហើយធ្វើការប្រៀបធៀបវាយប្រហារលើ សម្តេចតេជោ ហ៊ុន សែន បណ្តាលឱ្យសាធារណជន មានការភាន់ច្រឡំ។

ស្របជាមួយនឹងយុទ្ធនាការវាយប្រហារនេះ លោក យឹម ស៊ីណន បានបង្ហោះនៅលើហ្វេសប៊ុក របស់លោកដូច្នេះថា៖ «បើតាមសំលេងពលរដ្ឋតាមហាង កាហ្វេ៖ ថ្ងៃនេះយើងអាច ឃើញច្បាស់ថានរណាជាស្តេច ផែនដីពិតប្រាកដ»។

ចំណែក លោក ហ៊ុន កុសល ក៏បានបង្ហោះដែរថា៖ «ឃើញពួកគេធ្វើបាបព្រះទ័យ នឹងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយប្តេជ្ញានឹងប្រើសមត្ថភាព ដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្កដែលប្រជារាស្ត្រខ្មែរមិនអាចខ្វះបាន»។

តាមរយៈបណ្តាញសង្គម និង Comment នៅលើការបង្ហោះក្នុងហ្វេសប៊ុកមួយ របស់ លោក យឹម ស៊ីណន, សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការបង្ហោះពាក់ព័ន្ធលើបញ្ហានេះ ជារឿងបំភ្លៃ។

សម្តេច បានបញ្ជាក់ថា៖ «មានតែព្រះមហាក្សត្រទេ ដែលព្រះអង្គដឹងច្បាស់»។ សម្តេចក៏បានឆ្លើយឆ្លងបន្ថែមទៀតថា៖ «បើគ្មានទោសទើបចម្លែកព្រោះ នេះមិនមែនជា របៀបបញ្ចេញមតិទេតែជាការបំភ្លៃការពិតមួយដោយចេតនា។

ទោះយ៉ាងណា យើងទុកជូនតុលាការជាអ្នកកាត់ក្តី»៕ ប្រភព ៖ Fresh News

អត្ថបទដែលជាប់ទាក់ទង