កម្ពុជា ត្រៀម​សាងសង់ផ្លូវថ្មីមួយខ្សែទៀត តភ្ជាប់​ខេត្តបាត់ដំបង-ខេត្តសៀមរាប

ខេត្តសៀមរាប ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារការ និងដឹកជញ្ជូន បានឲ្យដឹងថា នឹងធ្វើការសាងសង់ផ្លូវថ្មីមួយខ្សែទៀត តភ្ជាប់ខេត្ដចំនួន ២ គឺខេត្តបាត់ដំបង និងខេត្តសៀមរាប ខណៈ គម្រោងសិក្សាផ្លូវមួយខ្សែនេះ ត្រូវបានសិក្សាចប់សព្វគ្រប់រួចរាល់អស់ហើយៗ រង់ចាំតែថ្ងៃបើកការដ្ឋានសាងស់តែប៉ុណ្ណោះ។

លោក ស៊ុន ចាន់ថុល បានលើកឡើងនៅក្នុងពិធីប្រគល់-ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីលានទុកដាក់សំរាម នៅក្រុងបាត់ដំបង កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ថា កម្ពុជា មានគម្រោងសាងសង់ផ្លូវមួយទៀត ពីខេត្តបាត់ដំបង ឆ្ពោះទៅសៀមរាប ។ ដូច្នេះបើ ពលរដ្ឋ ចង់ធ្វើដំណើរទៅខេត្តសៀមរាប គឺមិនបាច់ធ្វើដំណើរពី ខេត្តបាត់ដំបង ទៅសិរីសោភ័ណ្ឌ ឬពីសិរីសោភ័ណ្ឌទៅ សៀមរាប ទៀតទេ គឺធ្វើដំណើរត្រង់តែម្ដង ពីខេត្តបាត់ដំបង ទៅ ខេត្តសៀមរាប ។

លោកបន្តថា គម្រោងស្ថាបនាផ្លូវនេះ គឺមានការឯកភាពពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាគម្រោងនេះ ។

លោកទេសរដ្ឋមន្ដ្រី បន្ដថា គម្រោងនេះ បានសិក្សាចប់សព្វគ្រប់អស់ហើយ ដោយរង់ចាំថវិកា ដើម្បីបើកការដ្ឋាន សាងសង់ប៉ុណ្ណោះ។ ដូច្នេះ ភ្ញៀវទេសចរ ដែលមកទស្សនាអង្គរវត្ដ ហើយចង់ទស្សនាប្រសាទបាណន់ មិនបាច់ធ្វើដំណើរឆ្ងាយ ឆ្លងកាត់ ១០០គីឡូម៉ែត្រ ឬពុំបាច់ធ្វើដំណោះរវាងតាមសិរីសោភ័ណ្ឌ ទៀតទេ។ លោកថា នេះ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ បាត់ដំបង នឹងទទួលបាន ។

លោក ស៊ុន ចាន់ថុល អះអាងថា នៅពេលការសាងសង់រួចរាល់ គឺផ្លូវមួយខ្សែរនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរ និង ប្រជាពលរដ្ឋ ទៅមក ឬចេញចូលខេត្ដទាំង ២ បាត់ដំបង-សៀមរាប ដោយចំណេញចម្ងាយផ្លូវ ធ្វើដំណើររហូតដល់ ៨០ គីឡូម៉ែត្រ និងជួយកាត់បន្ថយថ្លៃចំណាយ ក្នុងការធ្វើដំណើរ បានច្រើនថែមទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង