អ្នកឆក់ត្រី២នាក់ភ្លាត់ស្លៀត ឆក់ខ្លួនឯងស្លាប់ ​នៅស្រុកឆ្លូង ខេត្តក្រចេះ

ខេត្តក្រចេះ ៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បុរស ២នាក់ បានស្លាប់នៅក្នុង​ទឹកអូរ ពេលប្រើបឧបករណ៍ឆក់ត្រី ហើយ​ឆ្លងចរន្ដ ឆក់ខ្លួនឯងស្លាប់ នៅកន្លែងកើតហេតុ។

សមត្ថកិច្ច នគរបាល ឲ្យដឹងថា សពបុរសទាំង ២នាក់ ត្រូវគេប្រទះឃើញ នៅ​ម៉ោង ៨ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចអូរសន្ទះ ក្នុង​ភូមិអូរទេវតា ឃុំកំពងដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

របាយការណ៍ របស់មន្រ្តីនគរបាលស្រុកឆ្លូង បានបង្ហាញថា បុរស​រងគ្រោះទាំង ២នាក់ កាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ បាននាំគ្នា ទៅឆក់ត្រី នៅចំណុចអូរសន្ទុះ ភូមិអូរទេវតា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ ប៉ុនែ្តមិនមានអ្នកណាដឹងទេ លុះពេលបាត់ខ្លួន ១យប់ ទើបក្រុមគ្រួសារ នាំគ្នាដើររក និងបាន​ប្រទះឃើញស្លាប់ នៅក្នុងទឹកអូរកន្លែងកើតហេតុ ដោយនៅជាប់ដៃជនរងគ្រោះ មានកាន់ជាប់ឧបករណ៍ សម្រាប់ឆក់ត្រីផង។

សមត្ថកិច្ចនគរបាល បញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ថោង វុត្ថារ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅ​ភូមិថ្មីទី២ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ និង​ឈ្មោះ សឿន ស៊ីថុន ភេទប្រុស អាយុ ៣៩ឆ្នាំ មាន​ទីលំនៅភូមិអូរទេវតា ឃុំកពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

របាយការណ៍ ដដែលបន្តថា ករណីប្រទះឃើញសាកសពស្លាប់ក្នុងទឹក នាទីតាំងខាងលើនេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកឆ្លូង សហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ដំរី បានទៅដល់កន្លែងកើតហេតុ  ដើម្បីពិនិត្យសាកសព ហើយសន្និដ្ឋានថា ជន​រងគ្រោះពិតជាស្លាប់​ ដោយសារឧបករណ៍ឆក់ត្រី ឆ្លងចរន្តភ្លើងឆក់ខ្លួនឯង ពិតប្រាកដមែន​។

ក្រោយការពិនិត្យ និងធ្វើកោសលស្យវិច្ច័យ រួចរាល់ និងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា សព ជនរងគ្រោះទាំង ២នាក់ ក៏បានប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង