រថយន្ត២គ្រឿងបុកគ្នា លើផ្លូវល្បឿនលឿន របួសធ្ងន់មនុស្សម្នាក់

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច បានឲ្យដឹងថា មានរថយន្ត ២គ្រឿង បានបុកគ្នាលើផ្លូវល្បឿនលឿន  ក្នុងទិសដៅស្របគ្នា នៅម៉ោងជិត ៤ល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១៩-១២០ ស្ថិតក្នុងឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត ០១គ្រឿង ម៉ាក TOYOTA PRUIS ពាក់ផ្លាកលេខ ភ្នំពេញ 2BN-2094 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស ជនជាតិខ្មែរ មានអ្នករួមដំណើរម្នាក់ជាស្ត្រី ជនជាតិវៀតណាម បើកបរក្នុងទិសដៅពី ខេត្តព្រះសីហនុ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ លុះដល់ចំណុចកើតហេតុ រថយន្តនេះក៏បានបុកពីក្រោយ រថយន្ត ០១គ្រឿង ម៉ាក KIA FRONTIER ពាក់ផ្លាកលេខភ្នំពេញ 2L-4125 អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ។

ហេតុការណ៍ខាងលើនេះ បណ្តាលឱ្យភាគីអ្នកបើកបររថយន្ត PRUIS រងរបួសធ្ងន់ និងអ្នករួមដំណើរជាមួយរងរបួសស្រាល។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តធំ បានទុករថយន្តចោលហើយរត់គេចខ្លួន។

បច្ចុប្បន្ន ចំពោះវត្ថុតាងរថយន្តទាំង ០២គ្រឿង ត្រូវអ្នកធ្វើការផ្លូវល្បឿនលឿន បានស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកំពង់សីលា ដើម្បីរង់ចាំរកដំណោះស្រាយបន្ត នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង