នគរបាលខណ្ឌប្ញស្សីកែវកែវ បញ្ជូនអនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ទៅតុលាការ

រាជធានីភ្នំពេញ ៖ នៅទីបំផុតសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានបញ្ជូនខ្លួន មន្ត្រីអនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីប្រើប្រាស់កាំភ្លើងភ្ជង់គម្រាមលើគូជម្លោះ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា។

អធិការនគរបាលខណ្ឌឫស្សីកែវ លោក ហ៊ាង ថារ៉េត បានឲ្យប្រពន្ធផ្សព្វផ្សាយដឹង នៅល្ងាចថ្ងៃទី៣០ ខែមីនា នេះថា “ឥឡូវ បានបញ្ជូនទៅដល់តុលាការហើយ កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣”។

ប្រភពបញ្ជាក់ថា ជម្លោះខាងលើនេះ បានកើតឡើង បន្ទាប់ពីរថយន្ត របស់គូទំនាស់ទាំងពីរ ជួបវិវាទចរាចរណ៍តាមផ្លូវបន្តិចបន្តួច ដោយគេជើញ អ្នកបើករថយន្ត Land Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-0199 បានបើកដេញតាមចង់បុក អ្នកបើកឡាន Ford Ranger មួយគ្រឿងទៀត  ដោយតាមមកដល់ផ្ទះ នៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា ហើយបានយកកាំភ្លើងមកភ្ជង់អ្នកបើកឡាន Ford។

ហើយក្រោយមក ជនបង្ក ក៏ត្រូវបានសមត្ថកិច្ច នាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ច បានឲ្យដឹងថា អ្នកបើកឡាន Land Rover មានឈ្មោះ បែល វ៉ាន់ដែន អនុប្រធាននាយកដ្ឋាន នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ភាគីទាំងពីរ ជាអ្នករស់នៅក្នុងបុរី ជីបម៉ុង ផ្លូវជាសុផារ៉ា ជាមួយគ្នា៕ ប្រភព ៖ រស្មីកម្ពុជា

 

អត្ថបទដែលជាប់ទាក់ទង