អភិបាលខេត្តកំពត តម្រូវឲ្យក្រុមហ៊ុន ជា សារ៉ន ត្រូវរ៉ាប់រងបង់ការប្រាក់ជំនួសពលរដ្ឋ

ខេត្តកំពត ៖ ការស្វែងរកដំណោះស្រាយ របស់ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ជាមួយក្រុមហ៊ុន ជា សារ៉ន គ្រុប ដែលពលរដ្ឋចោលថា ជាក្រុមហ៊ុនបោកប្រាស់ កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ គឺទទួលបានលទ្ធផល៖

១- ក្រុមហ៊ុន ជា សារ៉ន គ្រុប ត្រូវទទួលយកនូវបន្ទុកបំណុល ដែលពលរដ្ឋ ទៅខ្ចីពីអ្នកមានលុយ យកទៅឲ្យក្រុមហ៊ុន។ ដូចនេះក្រុមហ៊ុន ជា សារ៉ន គ្រុប ត្រូវធានារ៉ាប់រងបង់ការប្រាក់ជំនួសប្រជាពលរដ្ឋ។

២- អចលនៈទ្រព្យ របស់ប្រជាពលរដ្ឋ ដែលយកទៅតម្កល់ជាមួយអ្នកមានលុយ ហើយខ្ចីលុយនោះ គឺក្រុមហ៊ុន ជា សារ៉ន គ្រុប ត្រូវយកទ្រព្យសម្បត្តិរបស់ខ្លួន ទៅតម្កល់ជំនួសអចលនៈទ្រព្យ របស់ពលរដ្ឋ ហើយត្រូវបង្វិលអចលនៈទ្រព្យរបស់ប្រជាពលរដ្ឋ ជូនពួកគាត់វិញ។

៣- អ្នកដែលវិនិយោគជាមួយក្រុមហ៊ុន ជា សារ៉ន គ្រុប ដែលមិនមានកម្ចីលុយពីនរណានោះ ក្រុមហ៊ុន ជា សារ៉ន គ្រុប សុំពេលមួយ (០១)ខែ ដើម្បីធ្វើបច្ចុប្បន្នភាពស្រាវជ្រាវ ថាតើមានប៉ុន្មាននាក់ លើទំហំទឹកប្រាក់ចំនួនប៉ុន្មាន ដើម្បីឲ្យគាត់ពិនិត្យមើលលទ្ធភាពប្រមូលអចលនៈទ្រព្យ និងថវិការបស់គាត់ ក្នុងការត្រៀមដោះស្រាយជូនវិញ។

៤- ចំពោះប្រជាពលរដ្ឋ ដែលបានបង់លុយផ្តាច់ហើយ ជាមួយការទិញលក់ដីឡូត៍ពីក្រុមហ៊ុននេះ  ហើយមិនទាន់បានប្លង់កម្មសិទ្ធិ ត្រូវទៅប្រាប់ក្រុមហ៊ុន ជា សារ៉នគ្រុប ដើម្បីចេញប្លង់ជូន (ហើយខាងជំនាញរៀបចំជូន)។

៥- លោកអភិបាលខេត្តកំពត បានឲ្យមេធាវីខេត្ត តំណាងឲ្យប្រជាពលរដ្ឋ ដើម្បីដាក់ពាក្យស្នើទៅម្ចាស់លុយទាំងអស់ សុំពន្យាក្នុងការទារប្រាក់គ្រប់យ៉ាងនេះ ដើម្បីបង្វិលបន្ទុកនេះ ទៅឲ្យក្រុមហ៊ុន ជា សារ៉នគ្រុប ជាអ្នកទទួលខុសត្រូវ ហើយមិនឲ្យមកទារពលរដ្ឋ នៅតាមខ្នងផ្ទះទៀតទេ ព្រោះបន្ទុកនេះ ក្រុមហ៊ុន ជា សារ៉ន គ្រុប ជាអ្នកទទួលខុសត្រូវចំពោះមុខថ្នាក់ដឹកនាំ ខេត្តកំពត ទាំងអស់ ដែលមានវត្តមាននៅក្នុងជំនួបពិភាក្សាដោះវិវាទនេះ៕

អត្ថបទដែលជាប់ទាក់ទង