បុរសម្នាក់សុំលុយប្រពន្ធ២ម៉ឺនរៀល ទិញថ្នាំលេបសម្លាប់ខ្លួនមិនបាន រត់ចូលរថយន្តក្រឡុកសុីម៉ង់ត៍ កិនស្លាប់ទាំងព្រឹក

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ កិនបែកក្បាលស្លាប់ភ្លាមៗ នៅវេលាម៉ោង ០៩និង៤០នាទីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ នៅចំណុចមុខផ្សារ.ក៥ ស្ថិតក្នុងភូមិទំនប់ក៥ សង្កាត់-ក្រុងប៉ោយប៉ែត។

អ្នកឃើញហេតុការណ៍ បានបា្រប់អោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ឡៃ អស្នា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិទួលប្រាសាទ សង្កាត់-ក្រុងប៉ោយប៉ែត បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AD-4621 មកឈប់ចតទុកក្បែររបងស័ង្កសី រួចដើរឆ្លងផ្លូវ ហើយត្រូវបានរថយន្តក្រឡុកស៊ីម៉ងត៍ ពាក់ស្លាកលេខភ្នំពេញ5A-3148 បើកបរពីទិសជើងទៅត្បូង បុកកិនស្លាប់តែម្តង (អ្នកបើករថយន្តរត់គេចបាត់)។

តាមការរៀបរាប់ពីប្រពន្ធជនរងគ្រោះ បានអោយដឹងថា ប្តីរបស់គាត់ បានសុំលុយគាត់ចំនួន ២០,០០០៛ ( ពីរម៉ឺនរៀល) ដើម្បីទិញថ្នាំលេបសម្លាប់ខ្លួន តែគាត់មិនឱ្យ ពេលនោះប្តីគាត់ក៏ទាញម៉ូតូជិះចេញដោយមិនដឹងជាទៅណាទេ។ ក្រោយមកក៏បានដំណឹងថាប្ដី របស់គាត់ត្រូវរថយន្តកិនស្លាប់។

នៅកន្លែងកើតហេតុ គេឃើញមានមន្ត្រីនគរបាលចរាចរណ៍ បានចុះមកធ្វើកំណត់ហេតុរួចរាល់ ហើយបានប្រគល់សពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព។

ចំណែករថយន្ត និងម៉ូតូជនរងគ្រោះ ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រង់ចាំដោះស្រាយ នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង