ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប គ្រោងបញ្ចប់ការសិក្សា នៅខែឧសភា ឆ្នាំ២០២៣

ខេត្តសៀមរាប៖ កម្ពុជានឹងមានផ្លូវល្បឿនលឿនជាច្រើនខ្សែបន្ថែមទៀត ខណៈផ្លូវល្បឿនលឿន របស់កម្ពុជាទី៣ ភ្នំពេញ-សៀមរាប នឹងបញ្ចប់ការសិក្សាគម្រោង នៅខែឧសភា ឆ្នាំ២០២៣នេះ។

ថ្លែងក្នុងសន្និសីទ ស្តីពីការលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូន ក្នុងតំបន់ សម្រាប់អាស៊ីកណ្តាល និងអាស៊ីអាគ្នេយ៍ ដែលធ្វើឡើងនៅក្រុងសៀមរាប នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សម្រាប់កម្ពុជា ការអភិវឌ្ឍមានច្រើនជាបន្តបន្ទាប់ មានទាំងគម្រោងតូច គម្រោងធំ។

លោកបន្តថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកការដ្ឋាន សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត។ ហើយនៅថ្ងៃទី០១ ខែឧសភា ខាងមុខនេះដែរ សម្តេចតេជោ ក៏នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងសម្ពោធបើកការដ្ឋានសាងសង់ផែ កុងទីន័រថ្មីមួយទៀត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានជម្រៅទឹក ១៤,៥ម៉ែត្រ ដែលផែថ្មីនេះ អាចឲ្យនាវាប្រមាណជា ៩៣ភាគរយ ដែលចរាចរណ៍នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចចូលចតបាន ខណៈពេលបច្ចុប្បន្ននេះ មាននាវាប្រមាណតែ ១៨ភាគរយប៉ុណ្ណោះ ដែលអាចចូលចតបាន។

លោក ស៊ុន ចាន់ថុល បន្តថា ទៀតថា ព្រមជាមួយគ្នានេះ ក្រសួង ក៏បានសិក្សាផ្លូវរថភ្លើង ដែលបច្ចុប្បន្ន មានល្បឿនយឺត ឲ្យទៅជាផ្លូវរថយន្តភ្លើងមានល្បឿនលឿន ពីភ្នំពេញទៅប៉ោយប៉ែត ហើយពីភ្នំពេញ ទៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ។ ជាងនេះទៀត ក៏នឹងការសិក្សាគម្រោងដឹកជញ្ជូនតាមផ្លូវទឹក ពីទន្លេបាសាក់ ទៅកាន់សមុទ្រ នៅខេត្តកែប ក៏បានបញ្ចប់ផងដែរ។

លោក ចាន់ថុល ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ក្រសួង ក៏នៅមានគម្រោងជាច្រើនទៀត ទាំងតូច ទាំងធំ ក្នុងនោះក៏មានគម្រោងផ្លូវល្បឿនលឿនទី៣ សៀមរាប-ភ្នំពេញ ហើយក៏អាចមានផ្លូវល្បឿនលឿនទី៤ ទី៥ ទី៦ ជាបន្តទៀត។

ផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ត្រូវបាន សម្ពោធដាក់ឲ្យប្រើប្រាស់កាលពីចុងឆ្នាំ២០២២ ។ ផ្លូវល្បឿនលឿនទី១នេះ បានប្រើប្រាស់ទុនវិនិយោគប្រមាណ ២ពាន់លានដុល្លារអាម៉េរិក៕ ប្រភពfb : Heng Ly

អត្ថបទដែលជាប់ទាក់ទង