សម្ដេច ហ៊ុន សែន ណែនាំឱ្យសិក្សា និងពិនិត្យលទ្ធភាព ទប់ទឹកបឹងទន្លេសាប កុំឱ្យហូរចេញលឿនពេក

រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យក្រសួង ស្ថាប័នជំនាញ និងអាជ្ញា​ធរខេត្តជុំវិញបឹងទន្លេសាប រួមគ្នាសិក្សាស្រាវជ្រាវ និងពិនិត្យលទ្ធភាពទប់ទឹកបឹង​ទន្លេសាបកុំឱ្យហូរចេញលឿនពេក។

ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣​នេះ​។

យោងតាមលទ្ធផល នៃកិច្ចប្រជុំ បានបង្ហាញថា ដើម្បីទប់ទឹកនេះ គួរសិក្សា​លទ្ធភាព​សាងសង់ទ្វារទឹកផ្នែកណាមួយ នៅបឹងទន្លេសាប។ ប៉ុន្តែត្រូវសិក្សាអំពី​ផល​ប៉ះ​ពាល់ផ្សេងៗ​លើទិដ្ឋភាពច្បាប់ បរិស្ថាន ដីធ្លី និងការបង្កបង្កើនផល ​របស់​ប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេបំផុត​នៅតំបន់អាស៊ី​អាគ្នេយ៍​ ដោយគេប្រដូចវាជាសមុទ្រទឹកសាប។ នៅរដូវប្រាំង បឹងទន្លេសាប​ មាន​វិសាលភាពជាង ២,៥០០ គីឡូម៉ែត្រការ៉េ។ ដោយឡែកនៅរដូវវស្សា​ ផ្ទៃបឹងទន្លេ​សាប​ បានពង្រីកវិសាលភាព របស់វាចំនួនបួនដង និងមានជម្រៅអតិបរមាចាប់ពី ៤ ម៉ែត្រទៅ ១០ ម៉ែត្រ។

បឹងទន្លេសាប ក៏ត្រូវបានគេចាត់ទុកជាជង្រុកត្រីនៅកម្ពុជា ហើយក៏ជាជម្រកធន​ធានជលផល និងធនធានជីវៈចម្រុះផងដែរ។

ជាលក្ខណៈធម្មជាតិ បឹងទន្លេសាប ទទួលអំណាចទឹកពីទន្លេសាប នៅរដូវវស្សា ហើយនៅរដូវប្រាំង ទឹកបឹងទន្លេសាប ក៏ហូរចេញវិញ តាមទន្លេសាបនេះ​ផងដែរ។

ហេតុនេះហើយ ទើបនៅរដូវប្រាំងទឹក ក្នុងបឹងទន្លេសាប ត្រូវគោក​រាក់ និងរួមតូច៕

អត្ថបទដែលជាប់ទាក់ទង