កម្លាំងនគរបាលស្រុកឈូក ឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូ៨នាក់ មកអប់រំ និងកោរត្រង៉ោល

ខេត្តកំពត ៖ កម្លាំងនគរបាលមូលដ្ឋាន បានឃាត់ខ្លួន ក្រុមក្មេងទំនើងបង្ហោះម៉ូតូ ប្រចាំស្រុកឈូក ខេត្តកំពត ចំនួន ៨នាក់
ដែលមានរហស្សនាមថា “NG ZIN” ដើម្បីមកអប់រំ និងកោរសក់ក្បាល ឬកោរត្រង៉ោល ឲ្យរាងចាល។

ស្នងការដ្ឋាននគរបាល ខេត្តកំពត បានឲ្យដឹងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះថា ក្រុមក្មេងទំនើងដែលមានឈ្មោះថា NG ZIN ដែលតែងតែបង្ហោះម៉ូតូ នៅតាមទី
សាធារណៈ ត្រូវសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួន ហើយបាននាំមកដល់អធិការស្រុកឈូក ជាបណ្តើរៗហើយ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បញ្ជាក់ក្នុងផេកហ្វេសប៊ុក ផ្លូវការ របស់លោកថា “បងប្អូន NG ZIN បានមកដល់ស្នងការខេត្តហើយ មកទទួលការអប់រំនៅតំណាក់ធំ ក្រែងត្រឡប់ទៅវិញ សង្ឃឹមថាក្លាយជាក្មេងល្អលែងមានបក្ស លែងមានក្រុមអីបន្តទៀត”។

លោកស្នងការ បានថ្លែងអំណរគុណដល់ លោកអធិការស្រុកឈូក និងកងកម្លាំងទាំងអស់ ដែលបានសហការ ចុះបង្ក្រាបសកម្មភាព ក្រុមក្មេងទំនើងទាំងនេះ ទាន់ពេលវេលា។

លោកស្នងការបន្តថា លើកនេះ ការអប់រំ ត្រូវនាំក្រុមក្មេងទំនើងទាំងនោះ យកមកអប់រំ នៅស្នងការខេត្ត..។

លោកបន្តថា “ប្អូនអើយប្អូន សុទ្ធតែ NG ZIN រូបរៀងប្អូនមួយៗ មើលមិនយល់ ឈប់ទៅប្អូន អនាគតនៅវែងឆ្ងាយណាស់ សម្រាប់ប្អូនៗទាំងអស់គ្នា មកមិនទាន់អស់ទេ ក្រុម NG ZIN កំពុងយកមកបន្តទៀត”៕

អត្ថបទដែលជាប់ទាក់ទង