ផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ភ្នំបូកគោ អាចឱ្យយានជំនិះប្រភេទ Off-Road ធ្វើដំណើរបានហើយ..

ខេត្តកំពត ៖ ក្រុមហ៊ុន Thansur Sokha Hotel បានផ្សព្វផ្សាយ ក្នុងទំព័រហ្វេកប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ថា គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅភ្នំបូកគោ  គឺអាចឱ្យយានជំនិះប្រភេទ Off-Road ធ្វើដំណើរកំសាន្តឆ្លងកាត់បានហើយ។ ហើយថា ប្រភេទយានជំនិះ ដែលអាចធ្វើដំណើរឆ្លងកាត់ផ្លូវខាងលើនេះបាន រួមមាន៖ រថយន្តប្រភេទខ្ពស់ (4 Wheel Drive) និងប្រភេទម៉ូតូធំៗជាដើម..។

លោក ចាន់ សុភាព បុគ្គលិកធនាគារ RHB សាលាខេត្តព្រះសីហនុ បញ្ជាក់ប្រាប់ គេហទំព័រ “ខ្មែរស្ថាបនា” ថា រូបលោក កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បានធ្វើដំណើរសាកល្បង ដោយជិះម៉ូតូ ឆ្លងកាត់ផ្លូវ ទើបស្ដាបនាថ្មី តភ្ជាប់ពីផ្លូវជាតិលេខ ៤ ខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំបូកគោ ខេត្តកំពត ម្តងរួចមកហើយ ដោយគ្មានឧបសគ្គអ្វីកើតឡើងទេ។ ហើយថា ទេសភាព នៅអមសងខាងផ្លូវនេះ គឺគួរជាទីគយគន់បំផុត..។

គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅភ្នំបូកគោ  បច្ចុប្បន្ន សម្រេចបានប្រមាណ ៣០%​ ហើយ ក្រោយបានបញ្ចប់ការងារឈូសឆាយជាស្ថាពរ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ៣០២៣នេះ៕

អត្ថបទដែលជាប់ទាក់ទង